នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេក…!

កំពង់ស្ពឺ៖ «នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល»។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។

សម្តេច ហ៊ុន សែន បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។​ សម្តេចតេជោបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវរៀបចំផ្សព្វផ្សាយ​បន្ត​អំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ ​សហគ្រាសទាំងអស់​ ដោយត្រូវ​អនុញ្ញាត​ឱ្យកម្មករ​និយោជិត​ទាំងអស់បានឈប់សម្រាក៣ថ្ងៃ (២២-២៣-២៤ កក្កដា ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ​ខែ កក្កដា ខាងមុខ ដោយ​ទទួលបានប្រាក់ខែដដែល។សម្តេចបញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចបញ្ជាក់បន្តថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង