«រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃនោះឡើយ»
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដាច់ណាត់ឱ្យក្រសួងបរិស្ថាន ក្រសួងកសិកម្ម ពិសេសអាជ្ញាធរដែនដីត្រូវសហការចុះបង្ក្រាបទប់ស្កាត់បទល្មើសកាប់ទន្ទ្រានព្រៃឈើ ការរំលោភយកដីរដ្ឋ ឬរំលោភយកដីអ្នកដទៃឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ទោះបីជិតដល់ពេលបោះឆ្នោតក៏ដោយ។សម្ដេចបានបញ្ជាក់ថា ឱ្យតែជិតដល់ពេលបោះឆ្នោត គឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ ប៉ុន្តែអាណត្តិនេះមិនត្រូវថ្នាក់ថ្នមដើម្បការពារសន្លឹកឆ្នោតនោះឡើយ ពោលគឺត្រូវការពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។ នេះជាបទបញ្ជាយ៉ាងដាច់ណាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា សិស្សសារការី នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឱ្យតែដល់រដូវបោះឆ្នោតមកដល់ គឺតែងតែមានការកាប់ទន្ទ្រានព្រៃ ការរំលោភយកដីរដ្ឋ ឬចាប់យកដីគេឯង ពីសំណាក់ជនខិលខូច ឱកាសនិយម ឬក្រុមអ្នកមានលុយ មានអំណាច។
សម្ដេចតេជោបន្តថា «ឥឡូវកាប់ច្រើននៅខេត្តពោធិ៍សាត់ យប់មិញចៅហ្វាយខេត្តបានបញ្ជូនរឿងនេះមកខ្ញុំ។ មានខេត្តមួយចំនួនទៀតក៏បានបញ្ជូនព័ត៌មានមកថា មានក្រុមខ្លះកាប់ព្រៃយកដី ហើយបើកាលណាយើងធ្វើសកម្មភាពចុះបង្ក្រាប គឺគេថតយកទៅបំផ្លាញយើងក្នុងពេលឃោសនាបោះឆ្នោត»។
សម្ដេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា អ្នកមានលុយ និងអ្នកមានអំណាចមួយចំនួន ក៏ចូលរួមប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះដែរ ដោយពួកគេជួលមនុស្សឱ្យទៅកាប់ព្រៃយកដី រួចហើយយកឈ្មោះប្រជាជនទៅពាំង ដល់ពេលរាជរដ្ឋាភិបាលធ្វើសម្បទានដីឱ្យប្រជាជន បែរជាដីធ្លីទាំងនោះក្លាយជាកម្មសិទ្ធិរបស់ពួកអ្នកមានលុយទៅវិញ។
ក្នុងពិធីខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់អភិបាលខេត្ត និងកម្លាំងសមត្ថកិច្ចត្រូវសហការទប់ស្កាត់បទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព កុំឱ្យបញ្ហាបទល្មើសកើតមានដដែលជាដដែល។សម្ដេចក៏បញ្ជាក់ទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសអាជ្ញាធរដែនដីគ្រប់ខេត្តត្រូវអនុវត្តធ្វើកិច្ចការងារនេះឱ្យបានម៉ឺងម់ាត់ ប្រសិនបើត្រូវរុះរើ គឺត្រូវរើពីមុនបោះឆ្នោតឱ្យហើយ។ ទោះបីជាយ៉ាងណា មិនត្រូវប្រើប្រាស់អាវុធដែលនាំឱ្យមានគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះឡើយ គឺគ្រាន់តែទប់ស្កាត់ ហាមឃាត់ ឬអនុវត្តតាមច្បាប់។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់កំហិតឱ្យអ្នកពាក់ព័ន្ធនឹងបទល្មើសទាំងនេះត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ អ្នកណាក៏ដោយ ទោះបីក្រ ឬមាន ឱ្យតែប៉ះពាល់ដីរបស់រដ្ឋ ឬព្រៃរបស់រដ្ឋ គឺត្រូវអនុវត្តទោសតាមច្បាប់។ មន្ត្រីរាជការនានា ឬមន្ត្រីយោធា ឬមន្ត្រីនគរបាល សូមកុំមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះឱ្យសោះ ព្រោះច្បាប់មិនមានការយោគយល់នោះឡើយ។
សម្ដេចតេជោបានបញ្ជាក់យ៉ាងដាច់អហង្កាថា «មិនត្រូវថ្នាក់ថ្នមក្រុមជនខិលខូចដើម្បីការពារសន្លឹកឆ្នោតនោះឡើយ ប៉ុន្តែត្រូវការពារធនធានធម្មជាតិ ការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់»។ «រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃនោះឡើយ»។
សម្ដេចតេជោបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចចាំបាច់ដើម្បីការពារសណ្ដាប់ធ្នាប់ ការពារទាំងធនធានធម្មជាតិ ព្រៃឈើ ហើយក៏បានទទួចឱ្យក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមអ្នកប្រជាធិបតេយ្យ សូមមើលព្រៃទាំងមូលជាសំខាន់ កុំមើលតែឈើមួយដើមៗ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលក៏បានចេញសារសំឡេងពិសេសមួយ ដោយបានដាក់បទបញ្ជាដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ច ត្រូវសហការទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ បំផ្លាញធនធានធម្មជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃ ដោយគ្មានការលើកលែងចំពោះមន្ត្រីណាម្នាក់ ឬពលរដ្ឋណាម្នាក់នោះឡើយ៕