ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានសាង​សង់​ថ្ងៃនេះហើយ!

 

ភ្នំពេញ៖ ផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត ត្រូវបានចាប់ផ្តើមបើកការដ្ឋានសាងសង់នាព្រឹក​ថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោម​អធិប​តី​​ភាព​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯក​អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីឆ្នាំ២០២២នោះ។ ក្រៅតែពីការបើកការដ្ឋានសាង​សង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ភ្ជាប់ជាមួយបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​គូស​រំលេចថា ពិធីបើកការដ្ឋានសាងសង់សមិទ្ធផលធំសម្បើមនេះ ជាសក្ខីភាព​បង្ហាញ​ឱ្យឃើញថា កម្ពុជាកំពុងតែមានការរីកចម្រើនលើការអភិវឌ្ឍវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ហើ​យ​ជាក់​ស្តែងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះ គឺជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ទើបតែត្រូវបានបើក​ឱ្យប្រើប្រាស់​ជាផ្លូវការក្នុងរយៈពេលប្រមាណជាងកន្លះឆ្នាំមកនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោម​សមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹង​ប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូល​រួមចំណែក មិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។ ឯកឧត្តមបានបន្តថា គម្រោងសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់​ផ្តើម​ពីឃុំ​ថ្ម​គរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។

គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចខាងក្រោម៖

* ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំងសងខាង។
* សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែង សរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។
* រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។
* ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង ១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។
* គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ។

ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។

ពាក់ព័ន្ធគម្រោងចំណាយលើការសាងសង់វិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឱ្យ​ដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោង​ចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិ​បត្តិការ​-ផ្ទេរ​(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិ​យោគ​របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចី​របស់ក្រុមហ៊ុន។

ដោយឡែកស្ពានឆ្លងកាត់​ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា ផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុង​បា​វិត គឺជាខ្សែសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា​តភ្ជាប់ពីរាជធានីភ្នំពេញ​ ទៅកាន់ ក្រុង​បាវិត ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមានភាពប្រទាក់​ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវផ្សេងៗ ដែលត្រូវឆ្លងកាត់នៅត្រង់ចំណុចផ្លូវប្តូរទិស​ចរា​ចរណ៍(Interchange)។ ផ្លូវល្បឿនលឿននេះនឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មីអរិយក្សត្រនៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគីរវាងកម្ពុជា និងវៀតណាមបន្ថែមទៀត។ បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលបច្ចុប្បន្នកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់​ក្នុងការបំពេញ​បន្ថែម​ឱ្យផ្លូវអាស៊ានហាយវ៉េលេខ១ (AH-1) ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់​ប្រទាក់ក្រឡានៅផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គឱ្យកាន់តែទូលំទូលាយ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារ ការ​ប្រកួតប្រជែង និងភាពធន់សេដ្ឋកិច្ច-សង្គម តាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នា និង​បរិយា​ប័ន្នភាពនៃការតភ្ជាប់ទាំង ៣ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន ដែលក្នុងនោះការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​ចាត់ទុកជា​ក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជា​ពលរដ្ឋ​បានយ៉ាងឆាប់រហ័ស។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចាត់ទុកការសម្រេចបាននូវសមិទ្ធផលជាតិធំៗ និងសំខាន់ៗ​ជា​ប្រវត្តិសាស្រ្តនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ននេះ កើតឡើងដោយសារការដឹកនាំប្រក​ប​ដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែល​ជា​អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមបំផុត និងជាបិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង