នាយករដ្ឋមន្ត្រីកម្ពុជានឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ជាបន្តទៀតនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី៩ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ិត សំហេង តន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិកប្រទេសកាណាដា ប្រទេសជប៉ុន ។ល។

នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក សហគ្រាស ចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើន។​ កន្លងទៅនេះ រាជរដ្ឋាភិបាល និងក្រុមការងាររបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខបង ប្អូនកម្មករនិយោជិត និងជួយសម្រួលទៅដល់ដំណើរការរបស់រោងចក្រ សហគ្រាស ក្នុងខេត្តប្រកបដោយនិរន្តរភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ គោលនយោបាយរបស់សម្តេចតេជោក្នុងការជំរុញការកសាងរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្ត។

សូមអញ្ជើញតាមដាននិងទស្សនាតាមរយៈគេហទំព័រ Facebook , បណ្តាញ Telegram និង YouTube សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 7:00 ព្រឹក៕

អត្ថបទដែលជាប់ទាក់ទង