រាជរដ្ឋាភិបាលកម្ពុជានៅបន្តលើកកម្ពស់ការតភ្ជាប់ និងការអភិវឌ្ឍតំបន់ព្រំដែន

ព្រះស្តេច៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមអមដំណើរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា៖ ផ្លូវខេត្តលេខ៣១២ ដែលប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE គ្រោងសាងសង់ក្នុងរយៈពេល ១៨ខែ និងថែទាំរយៈពេល ៦០ខែ ដោយប្រើប្រាស់ថវិកា ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២៤,៨៩លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រាយផលប៉ះពាល់។

ឯកឧត្តមបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ថវិកាសន្សំ ក្នុងគម្រោងលើកកម្រិតបណ្ដាញផ្លូវថ្នល់ ជំហាន២ (RNIP Phase2) ដើម្បីធ្វើការស្ថាបនាអគារឆ្លងកាត់ព្រំដែនអន្តរជាតិបន្ទាយចក្រី-ឌីញបា ដែលគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៨,៥លានដុល្លារអាមេរិក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ផ្លូវខេត្តលេខ៣១២នេះ ជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយ ឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង រួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ១ ផ្លូវខេត្តលេខ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជន ទៅកាន់តំបន់ព្រំដែន(កម្ពុជា-វៀតណាម)។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញ ជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ក្នុងពិធីនោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា៖ តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

សម្តេចក្រឡាហោម បានថ្លែងនូវអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយដល់ការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា បើនិយាយជារួម និងនិយាយដោយឡែក គឺបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម និងការសាងសង់ទីលានទុកដាក់សំរាមនៅតាមទីប្រជុំជន និងក្រុងក្នុងបណ្ដាខេត្តសំខាន់ៗមួយចំនួន រួមទាំងការរៀបចំផែនការមេ ការកសាងសមត្ថភាព និងការសិក្សាគម្រោងជាដើម ដើម្បីបម្រើដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ទន្ទឹមនេះ សម្តេចក្រឡាហោម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយពន្លឿនក្នុងការរៀបចំ នីតិវិធី ដើម្បីជំរុញឱ្យគម្រោងលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ អាចប្រកាសបើកការដ្ឋានបាននាពេលនេះ។ សម្តេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តព្រៃវែង អាជ្ញាធរស្រុកព្រះស្តេច ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបង្កលក្ខណៈងាយស្រួលក្នុងរៀបចំពិធីបើកការដ្ឋាននេះ ព្រមទាំងថ្លែង អំណរគុណដល់ភាគីក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេសខ្សែផ្លូវនេះ ជូនដល់ បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែង។ ជាមួយគ្នានេះ សម្តេច ក៏បានស្នើដល់ភាគីក្រុមហ៊ុនសាងសង់ និង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងត្រួតពិនិត្យបច្ចេកទេស ឱ្យត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងស្នើសុំការយោគយល់ និង អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ។

គួរជម្រាបជូនថា ការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២ គ.ម ចាប់ផ្តើមពីភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) ក្នុងភូមិសាស្រ្តស្រុកព្រះស្តេច នៃខេត្តព្រៃវែង។ គម្រោងនេះនឹងត្រូវស្តារពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ និងលើកកម្រិតគុណភាព ពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) និងផ្នែកខ្លះក្រាលបេតុងសរសៃដែក កម្រាស់ ២៥ស.ម ដែលមានទទឹងរួម ១១ម៉ែត្រ និងមាន២គន្លងទៅ-មក។ ការដាក់លូគ្រប់ប្រភេទនៅតាមបណ្តោយផ្លូវ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេស ក៏នឹងត្រូវបានរួមបញ្ចូលក្នុងគម្រោងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង