អូរមួយកន្លែងនៅភូមិស្រីស្នំកំពុងត្រូវបានគេធ្វើសំណង់រំលោភនិងទឹកប្រើប្រាស់លែងកើតរាប់ឆ្នាំហើយ តែអាជ្ញាធរខណ្ឌដង្កោមិនដែរអើពើសោះ តើជាកំហុសនរណា?
ភ្នំពេញ៖ អូរមួយកន្លែងស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងត្រូវបានគេសង់សំណង់រឹង សង់ឃ្លាំងរំលោភយក និងបានលួចបង្ហូរកាកសំណល់ ទឹកស្អុយចូលបណ្ដាលក្លាយជាអូរទឹកកង្វក់ ទឹកស្អុយ ទឹកខ្មៅ
តាំងពីឃ្លាំងធ្វើស្បែកគោ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ ប្រើប្រាស់អាស្រ័យផលលែងបានរាប់ឆ្នាំមកហើយ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
បើតាមប្រភពព័ត៌មានពីអ្នកភូមិស្រីស្នំបានបង្ហើបឲ្យដឹងដែរថា ទឹកអូរខាងលើនេះ ប្រជាពលរដ្ឋមិនអាចប្រើប្រាស់អាស្រ័យផលបានជាច្រើនឆ្នាំមកហើយ ចាប់តាំងពីមានឃ្លាំងផលិតស្បែកគោ ក្រោយមកផលិតខ្លាញ់គោ ដែលបានលួចបង្ហូរកាកសំណល់និងទឹកកង្វក់ចូលទៅក្នុងអូរនេះមក។ ប្រភពបន្តថា មិនតែងតែប៉ុណ្ណោះ ក៏មានអ្នកភូមិបានយកសំរាមនិងបង្ហូរទឹកកង្វក់ចូលក្នុងអូរខាងលើនេះផងដែរ។
ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងបន្ថែមថា ពួកគាត់មិនដែលឃើញមានអាជ្ញាធរខាងណាចុះមកពិនិត្យឬមានវិធានការទប់ស្កាត់ ការពារនោះទេ រហូតមកទល់សព្វថ្ងៃនេះ ទោះបីជាមានការសាងសង់សំណង់រឹងមាំ សង់ឃ្លាំងរំលោភយកដីអូរខាងលើនេះក៏ដោយ។
ទាក់ទិនអូរខាងលើ ភ្នាក់ងារសារព័ត៌មាន The Mirror News បានចុះមកដល់ចំណុចទីតាំងអូរខាងលើ ក៏បានទទួលព័ត៌មានពីប្រជាពលរដ្ឋបន្ថែមថា ពិតជាមានការលួចសាងសង់សំណង់រឹងមាំ សង់ឃ្លាំង បោះសំរាម បង្ហូរទឹកកង្វក់ចូលទៅក្នុងអូរខាងលើ បណ្ដាលឲ្យទឹកឡើងពណ៌ខ្មៅ មានក្លិនស្អុយ និងផ្ទៃអូរបានរួមតូចជាងមុនប្រាកដមែន។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញមេត្តាចុះមកពិនិត្យ ជួយទប់ស្កាត់ ជួយស្ដារ ជួយរៀបចំអូរខាងលើនេះឲ្យមានសោភ័ណភាពល្អប្រសើរឡើងវិញផង ព្រោះទឹកមានក្លិនស្អុយ ប្រើប្រាស់ អាស្រ័យផលមិនកើតនិងអាចបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ជាពិសេសអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗអូរខាងលើនេះ៕