ទីតាំងសត្តឃាតដ្ឋានមួយកន្លែងឈរជើងជាង១០ឆ្នាំនៅភូមិព្រែករាំង ក្រុងតាខ្មៅកំពុងរំលោភបំពានប្រកាសរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កណ្តាល៖ ទីតាំងសត្តឃាតដ្ឋានមួយកន្លែងដែលបានឈរជើងជាង១០ឆ្នាំនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលកំពុងរំលោភបំពានប្រកាសស្តីពីទីតាំង និងបទដ្ឋានបច្ចេកទេសសម្រាប់ការសាងសង់សត្តឃាតដ្ឋាន លេខ២២៥ ប្រក.កសក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាយូរយារមកហើយ ដោយពុំមានមន្ត្រីជំនាញចុះមកពិនិត្យឲ្យបានត្រឹមត្រូវនោះទេ បើចុះមកយកលុយដាក់ហោប៉ៅពីម្ចាស់សត្តឃាតដ្ឋាមានហូរហែ។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរៗសត្តឃាតដ្ឋានបានខ្សឹបឲ្យដឹងដែរថា កន្លែងធ្វើជ្រូកពិតជាបានរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់គាត់ខ្លាំងណាស់ ដូចជា សំលេងរំខានចេញពីកន្លែងនោះមក គេឡើងធ្វើជ្រូកសឹងពាក់ៗកណ្ដាលយប់ ខ្ទង់ម៉ោងបីម៉ោងបួនរហូតទល់ភ្លឺ។ ប្រភពបន្តថា បើខែប្រាំងវិញមានធំក្លិនស្អុយជះមកឈឺក្បាលណាស់។ ប្រភពបានដាក់ចម្ងល់ថា តើកាកសំណល់ ទឹកលាងសម្អាត និងអាចមន៍ជ្រូកគេបង្ហូរទៅណា?។

បើតាមប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងដែរថា ចំពោះការធ្វើអាជីវកម្មសត្ដឃាត យើងតម្រូវឲ្យមានការស្នើសុំរៀបចំកិច្ចសន្យាការពារបរិស្ថាន ដើម្បីឲ្យមន្រ្តីជំនាញបរិស្ថានចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់បរិស្ថាន ដូចជា ទីតាំងភូមិសាស្រ្តជុំវិញទីតាំងធ្វើអាជីវកម្ម បញ្ហាក្លិន បញ្ហាសំណល់រាវ បញ្ហាកាកសំណល់សល់ពីចង្វាក់ផលិតកម្ម និងបញ្ហាសំឡេង។

បើតាមលោក ឃឹម សំភារៈ អភិបាលក្រុងតាខ្មៅបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានយើងដឹងនៅល្ងាចនេះថា ពាក់ព័ន្ធជាមួយទីតាំងសត្តឃាតដ្ឋាននៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់មានច្បាប់ឬអត់ច្បាប់លោកពុំទាន់ដឹងទេ ចាំលោលឆែកមើលសិន លោកដូចជាចន្លោះកន្លែងហ្នឹងដែរ អាចទាក់ទងជាមួយមន្ទីរកសិកម្ម ក្រៃលគេសុំច្បាប់ពីមន្ទីរ ព្រោះលោកមានសិទ្ធិចេញតែអាជ្ញាប័ណ្ណច្រកចេញចូលតែមួយ ចាំឲ្យលោកឆែកមើលសិន។ លោកអភិបាលក្រុងតាខ្មៅបន្តទៀតថា លោកខលទូរស័ព្ទទៅប្រធានការិយាល័យច្រកចេញចូលតែមួយក្រុងតាខ្មៅអត់ចូលទេ មិនដឹងថាគាត់ទៅណានោះទេ។

ទាក់ទងករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន The Mirror News យើងពុំអាចសុំការបំភ្លឺពីលោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលបានទេ ព្រោះពុំមានលេខទូរស័ព្ទដែលអាចទំនាក់ទំនងបាន។

បើយោងតាមប្រកាស ក្នុងប្រការ១បានបញ្ញត្តិថា ប្រកាសនេះ កំណត់អំពីទីតាំង និងបទដ្ឋានបច្ចេកទេសសម្រាប់ការសាងសងសត្តឃាតដ្ឋានដើម្បីធានា បាននូវការអនុវត្តវិធានការបសុពេទ្យ អនាម័យ សុវត្ថិភាពសាច់ និងផលិតផលសត្វជាប្រយោជន៍ការពារ សុខភាពសាធារណៈ និងបរិស្ថាន។

ក្នុងប្រការ២បានបញ្ញត្តិថា ទីតាំងសម្រាប់សាងសង់សត្តឃាដ្ឋាននៃប្រភេទសត្វនីមួយៗត្រូវកំណត់លក្ខខណ្ឌដូចខាងក្រោម៖ *ត្រូវស្ថិតនៅទីតាំងមួយសមស្របឆ្ងាយពីទីប្រជុំជនឬកន្លែងប្រមូលផ្ដុំលំនៅដ្ឋានប្រជាជនសាលារៀនមន្ទីរពេទ្យវត្តអារាមទីសាធារណៈបឹងស្ទឹងទន្លេឬប្រភពទឹកនានាដែលមនុស្សនិងសត្វប្រើប្រាស់ជាប្រក្រតី។ *ត្រូវស្ថិតនៅក្នុងទីតាំងណាដែលពុំទទួលរងនៅទឹកជំនន់គ្រប់រដូវកាល។ *ត្រូវមានផ្ទៃដីទំហំយ៉ាងតិចស្មើនឹងបីដងនៃអគារសត្តឃាតដ្ឋាន។*ត្រូវមានប្រព័ន្ធគមនាគមន៍ល្អគ្រប់រដូវងាយស្រួលក្នុងការបម្រើសកម្មភាពដឹកជញ្ជូនចេញចូលសត្វសាច់និងផលិតផលសត្វ។*ត្រូវមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។ *ត្រូវមានប្រព័ន្ធអគ្គិសនីសម្រាប់ប្រើប្រាស់គ្រប់គ្រាន់និងតាមលក្ខណៈបច្ចេកទេសនៅពេលកំពុងដំណើរការក្នុងសត្តឃាតដ្ឋាន៕ ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង