ប៉ូលិសសេដ្ឋកិច្ច យូ ប៊ុនស្រៀង ទទួលសំណូកពីឈ្មួញឈើកំពុងបែកធ្លាយ

មណ្ឌលគិរី៖ លោកវរសេនីយ៍ត្រី យូ ប៊ុ​ន​ស្រៀ​ង ទទួលទិសខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានប្រព្រឹត្តអំពើពុករលួយដោយទទួលសំណូកពីឈ្មួញឈើក្នុង១ខែៗ ចាប់ពី៦០ម៉ឺនរៀល ទៅ១លានរៀលជាថ្នូរនឹងធ្វើមិនដឹងមិនឮ ធ្មេចភ្នែកបើកភ្លើងខៀវ មិនបង្ក្រាប មិនទប់ស្កាត់ រាល់បទល្មើសព្រៃឈើក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង និងទទួលខុសត្រូវ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្នុងនោះបើឈ្មួញឈើមួយណាមិនបង់លុយឱ្យ ឬបង់លុយយឺតយ៉ាវ លោក យូ ប៊ុនស្រៀង នឹងដាក់កម្លាំងចុះបង្ក្រាបតែម្ដង។

ប្រភពបន្តថា កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២៣ កម្លាំងស្នាក់ការរបស់លោក យូ ប៊ុ​ន​ស្រៀ​ង បានចុះបង្ក្រាបឈើប្រណីតជាច្រើនម៉ែត្រគូប នៅចំណុច​ភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ការចុះបង្ក្រាបឈើប្រណីតពីសំណាក់លោក យូ ប៊ុ​ន​ស្រៀ​ង នៅពេលនោះ គឺពុំមែនមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចតួនាទីនោះឡើយ។ពោលគឺមកពីលោក យូ ប៊ុ​ន​ស្រៀ​ង ខឹងនឹងម្ចាស់ឈើនិយាយមិនទៀងបង់លុយខែលើកពេលពីមួយថ្ងៃទៅមួយថ្ងៃ។

បើតាមប្រភពដដែលបានបន្តទៀតថា នៅមុនចុះបង្ក្រាប លោក យូ ប៊ុ​ន​ស្រៀ​ង បានផ្ញើសារតាមប្រព័ន្ធ Telegram សួរនាំម្ចាស់ឈើដើម្បីពន្លឿនក្នុងការបង់លុយមកឱ្យខ្លួនទៀតផង។ប៉ុន្តែម្ចាស់ឈើ ហាក់គេចវេះពន្យារពេលមិនព្រមបង់លុយឱ្យទៀងដូចខែមុនៗ ជាហេតុនាំឱ្យលោក យូ ប៊ុ​ន​ស្រៀ​ង បញ្ជាកម្លាំងចុះបង្ក្រាប ឈើរបស់ឈ្មួញ ដែលកំពុងលាក់ទុកក្នុងចម្ការ នៅភូមិ​ឡៅ​ការ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យតែម្ដងទៅ។

បើតាមប្រភពផ្សេងទៀតថា ក្រដាស វីងវេរលុយ ជាច្រើនសន្លឹកដែលផ្ញើលុយជូនលោក យូ ប៊ុ​ន​ស្រៀ​ង ក្នុងថ្ងៃខែផ្សេងៗគ្នាបានបង្ហាញថា កន្លងមកឈ្មួញឈើប្រណីត ដែលរងការបង្ក្រាបខាងលើគឺអាចធ្វើសកម្មភាពដឹកជញ្ជូន ព្រៃឈើបានយ៉ាងរលូន។ខណៈលេខទូរស័ព្ទរបស់លោក យូ ប៊ុ​ន​ស្រៀ​ង ជាអ្នកទទួលផ្ទាល់ ហើយក្នុង១ខែៗ ទទួលបានចាប់ពី៦០ម៉ឺនរៀលទៅ១លានរៀលឯណោះ។

ប្រភពបន្តទៀតថា ឈ្មួញឈើមិនត្រឹមតែបង់លុយដាក់ខែឱ្យលោក យូ ប៊ុ​ន​ស្រៀ​ង ប៉ុណ្ណោះទេ។ លើសនេះទៅទៀត នៅពេល រវល់ប្រជុំចុះបំពេញបេសកកម្មឬមានកម្មវិធីផ្សេងៗ។ក្នុងនោះសូម្បីរថយន្តខូចក៏លោក យូ ប៊ុ​ន​ស្រៀ​ង ស្នើមកឈ្មួញឈើ ឱ្យចេញថ្លៃជាងជំនួសខ្លួនដែរ។ដោយពេលខ្លះ ជូនតាមស្រោមសំបុត្រ ពេលខ្លះផ្ញើតាមវីង ខ្លះទៀតហុចផ្ទាល់ដៃ។

តាមប្រភពពីបណ្ដាញសារព័ត៌មានថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះថា គេបានព្យាយាមសុំការបកស្រាយពីលោកវរសេនីយ៍ត្រី យូ ប៊ុ​ន​ស្រៀ​ង ទទួលទិសខេត្តមណ្ឌលគិរី នៃនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យមានចម្លើយទាំងសងខាង។ប៉ុន្តែផ្ទុយទៅវិញ បែរជាពុំមានការបកស្រាយ ខណៈពេលឮសំនួរ ដូចការចោទប្រកាន់ខាងលើ ស្រាប់តែលោក យូ ប៊ុ​ន​ស្រៀ​ង ចុចបិទទូរស័ព្ទតែម្ដង។

បើតាមលោក នាង វណ្ណៈ អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីបានឆ្លើយថា
លោកមិនច្បាស់ទេ ព្រោះពុំសូវឃើញទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្ត។

ទាក់ទិនករណីខាងលើនេះ គេបានសង្ឃឹមថា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរខេត្តមណ្ឌលគិរីនឹងចាត់វិធានការលើរឿងនេះមិនខាន ជៀងវាងការជឿតែលើរបាយការណ៍ល្អៗបណ្ដាលឱ្យមន្ត្រីខិលខូច មួយចំនួនឆ្លៀតឱកាសក្ដោបសេដ្ឋកិច្ច ត្រូវរ៉ូវគ្នាជាប្រព័ន្ធជាមួយឈ្មួញឈើជាហេតុនាំឱ្យការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិព្រៃឈើគ្មានប្រសិទ្ធភាព៕ ដោយ៖ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង