ម្ចាស់ទូកចម្លងកោះកន្ធាយស្រុកលើកដែកកំពុងធ្វើឱ្យប្រជាជនក្ដៅក្រហាយទាំងយកតម្លៃលើសកប់ពពក យឺតយ៉ាវ អសុវត្ថិភាព ខណៈអ្នកបើកទូកសម្ដីពាល ឈ្លើយ អសីលធម៌!(មានVideo)

កណ្តាល៖ ប្រជាជនជាច្រើននាក់ដែលរស់នៅក្នុងភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាលបានសម្ដែងការត្អូញត្អែរនិងការលំបាកក្នុងពេលធ្វើដំណើរឆ្លងទូកទៅមក ដោយខ្វះការយោគយល់ពីម្ចាស់ទូកចម្លងដែលមានការយឺតយ៉ាវ មិនគោរពតាមផែនការ យកតំលៃខ្ពស់កប់ពពកស្របពេលដែលពួកគាត់បានកំពុងខ្វះខាតជីវភាពជាខ្លាំង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា អ្នកបើកទូកឈ្មោះ ភន គ្មានសីលធម៌ មានចរិតច្រងេងច្រងាង ឈ្លើយ តែងតែជេរ ស្តី បន្ទោស ប្រមាថ មិនថា ចាស់ រឺ ក្មេង ចង់ចម្លងក៏ចម្លង មិនចង់ចម្លងក៏តាមតែអំពើចិត្ត ជាហេតុធ្វើឲ្យពួកគាត់ខាតពេលវេលា អាក់អន់ស្រពន់ចិត្ត ខ្មាស់គេ និងទទួលការប្រមាថមើលងាយពីអ្នកបើកទូកដខាងលើនេះ។

ប្រភពដដែលបន្តទៀតថា ម្ចាស់ទូកដកោះកន្ធាយនេះ គ្មានការយោគយល់ ដូចជញ្ជក់ឈាមស្រស់ៗ យកលុយពីពួកគាត់លើសពីកន្លែងកំពង់ចម្លងដទៃដែលគេបានអនុវត្តតាមតារាងរបស់រដ្ឋ ត្រឹមត្រូវ និងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ប្រព័ន្ធការពារល្អ សុវត្ថិភាព ប៉ុន្តែចំពោះទីតាំងកំពង់ចម្លងកោះកន្ធាយនេះវិញ គ្មានការយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវនោះទេ គ្មានប្រព័ន្ធការពារត្រឹមត្រូវឡើយ និងយាយរួម ចម្លងឲ្យតែបានៗ គ្មានគិតគូរពីសុខសុវត្ថិភាពរបស់អ្នកដំណើរនិងប្រជាជនឡើយ។

ទាក់ទិនករណីខាងលើនេះ ប្រជាពលរដ្ឋស្នើដល់ឯកឧត្ដមអភិបាលខេត្តកណ្ដាលជម្រុញឲ្យមន្ទីរសេដ្ធកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល ចុះសិក្សាលើតំលៃទូកចម្លងឃុំព្រែកដាច់ ស្រុកលើកដែក ដែលម្ចាស់អាជីវកម្មទូកចម្លងកំពុងយកតំលៃខ្ពស់កប់ពពក ជាហេតុធ្វើឲ្យផលប៉ះពាល់ដល់ជីវភាពប្រជាជន ដើម្បីដាក់តារាងកំណត់តម្លៃឲ្យបានច្បាស់លាស់ជូនសាធារណជន ឲ្យយដូចកំពង់ចម្លងដទៃទៀត ជៀសវាងមានឈ្មួញដែលមានគំនិតមិនស្មោះត្រង់សំងំកើបលុយ៕

ដោយ៖ ការីនិពន្ធ

អត្ថបទដែលជាប់ទាក់ទង