ឃ្លាំងដ៏ធំមួយនៅភូមិត្រស់ត្រូវបានអ្នកមានលុយម្នាក់លួចសាងសង់អត់មានច្បាប់អនុញ្ញាត ខណៈមេឃុំទ្រាក៏ថាអត់ច្បាប់ដែរ
កណ្តាល៖ ឃ្លាំងដ៏ធំមួយត្រូវបានអ្នកមានលុយម្នាក់លួចសាងសង់រួចរាល់១០០%ដោយអត់មានច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំ ស្រុក ខេត្តនោះទេ នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បើយោងតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ។
បើតាមប្រភពព័ត៌មានពីលោកស្រី តន់ ស៊ុនណារី មេឃុំទ្រាបានឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងតាមទូរស័ព្ទនៅថ្ងៃនេះថា ឃ្លាំងធំខាងលើ នៅភូមិត្រស់ពិតជាអត់ច្បាប់មែន ព្រោះម្ចាស់ឃ្លាំងពុំបានមកសុំច្បាប់សាងសង់នៅលើទីតាំងខាងលើនោះទេ។
លោកស្រីបន្តថា លោកស្រីនឹងពិភាក្សាជាមួយលោកអភិបាលស្រុកកណ្តាលស្ទឹងដើម្បីឲ្យមានចំណាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធការសាងសង់ឃ្លាំងអត់ច្បាប់ខាងលើនេះ។ លោកស្រីបន្ថែមទៀតថា លោកស្រីបានសាកសួរទៅកាន់ភូមិបាលស្រុកហើយ គេស្គាល់ឈ្មោះម្ចាស់ឃ្លាំងហើយ។
លោកស្រីមេឃុំទ្រាបានសំនូមពរដល់ថ្នាក់លើឲ្យមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ឃ្លាំងខាងលើនេះ ដែលហ៊ានមកសាងសង់ឃ្លាំងអត់មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឃុំទ្រា។
ទាក់ទិនឃ្លាំងខាងលើ, លោក ស្ដើង ចិត្រា វិស្វករខាងគូរប្លង់ប្រចាំស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា លោកបានចុះធ្វើកំណត់ហេតុជាមួយម្ចាស់ឃ្លាំងរួចរាល់ហើយ វាជាដែនសមត្ថកិច្ចរបស់ក្រសួង។ លោក ស្ដើង ចិត្រា បានបញ្ជាក់ថា ស្រុកគ្រប់គ្រងបានតែត្រឹម៥០០ម៉ែត្រការ៉េ, ចាប់១០០០ម៉ែត្រការ៉េដល់ខេត្ត, និងពី១០០០ម៉ែត្រការ៉េទៅដល់ក្រសួង សូម្បីចៅហ្វាយខេត្តក៏អត់មានសិទ្ធិស៊ីញ៉េដែរ។
ពាក់ព័ន្ធករណីឃ្លាំងខាង បណ្ដាញសារព័ត៌មានយើងពុំអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក សុខ កាន់រិទ្ធិ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាលបានទេ ព្រោះប្រព័ន្ធលេខទូរស័ព្ទ០១២៨៥០៣០៧ ខលមិនចូលនោះទេ៕