រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសសួររកមុខ អ្នកណាឱ្យយោបល់ VOD ដែលជៀសវាងមិនប្រើពាក្យ «សូមទោស» ទើបនាំដល់ការបញ្ចប់អាជ្ញាប័ណ្ណដូច្នេះ
ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបញ្ចប់អាជ្ញាបណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ VOD រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសសួររកមុខ អ្នកណា ជាអ្នកឱ្យយោបល់ VOD ដែលជៀសវាងមិនប្រើពាក្យ «សូមទោស» ទើបនាំដល់ការបញ្ចប់អាជ្ញាប័ណ្ណដូច្នេះ។
នៅលើហ្វេសប៊ុកផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថា «តំណក់ចុងក្រោយ ដែលធ្វើឱ្យទឹកហៀរចេញពីធុង! មិនដឹងអ្នកណា ជាអ្នកឱ្យយោចល់ VOD! តែមានតែស្ថានទូតទេ ដែលប្រឹងចៀសមិនប្រើពាក្យ «សូមទោស»! ស្ថាប័នកាសែតប្រើភាសាទូត ទោះចង់ជួយ ក៏ពិតជាយ៉ាប់ហើយ» តែក៏ជាមេរៀនដល់ស្ថាប័នផ្សព្វផ្សាយព័ត៌មានឯទៀតដែរ។ ស្ថាប័ន ដែលមិនព្រមចុះការបំភ្លឺរបស់គេ អាចប្រឈមនឹងការដកអាជ្ញាបណ្ណដូចគ្នា!»។
សូមរម្លឹកថា នៅយប់ថ្ងៃទី១២ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបិទការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង ១០ព្រឹក ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈស្អែកនេះ ជាកំហិត។ ការសម្រេចដូច្នេះ បន្ទាប់ពីវិទ្យុ VOD ចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងព័ត៌មានអំពីជំនួយរបស់កម្ពុជា ដល់តួកគី។
នៅលើហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា «តើការប្រើពាក្យសោកស្តាយ និងសូមអធ្យាស្រ័យ វាជំនួសឲ្យពាក្យសុំទោសបានដែរ ឬទេ? សម្រាប់ខ្ញុំ មិនអាចទទួលយកបានឡើយ។ តើការបកស្រាយបំភ្លឺនៅទីនេះ មានចេតនាទម្លាក់កំហុសឲ្យមន្ត្រីរាជរដ្ឋាភិបាលមែនទេ? ទុកជូនឯកឧត្តម ផៃ ស៊ីផាន ពិនិត្យលទ្ធភាព ប្តឹងទៅតុលាការ»។
សម្តេចតេជោបន្តថា «ខ្ញុំកាន់តំណែងក្នុងរដ្ឋរយៈពេលជាង ៤៤ឆ្នាំហើយ ក្នុងនោះ តំណែងនាយករដ្ឋមន្ត្រីរយៈពេលជាង ៣៨ឆ្នាំ ខ្ញុំពិតជាយល់ដឹងល្មមគ្រប់គ្រាន់នូវពាក្យពេចន៍ ដែលត្រូវបានប្រើរាប់ទាំងពាក្យសំដីវាគ្មិនមួយចំនួន ដែលចូលមកសម្ភាស ក្នុងរឿងផ្លូវច្បាប់ទាក់ទងដល់ការផ្តល់ជំនួយដល់ប្រទេសទួកគី ដែលវាគ្មិនខ្លះ ព្យាយាមវាយទាំងឪ វាយទាំងកូន ដែលកូននោះ គឺ ហ៊ុន ម៉ាណែត ដែលគាត់ពុំបានដឹងរឿងអ្វីសោះ។ តើនេះឬ ជាវិជ្ជាជីវៈ ដែលអស់លោក ចង់ផ្សាយដោយអចេតនានោះ?»។
សម្តេចតេជោបន្តទៀតថា «ដើម្បីកុំឲ្យវែងឆ្ងាយ ខ្ញុំសម្រេចមិនទទួលយកការសំដែងការសោកស្តាយ និងសូមការអធ្យាស្រ័យ ជំនួសឲ្យការសុំទោសរបស់អស់លោក ដែលជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អស់លោកនោះឡើយ។ ក្នុងនាមរាជរដ្ឋាភិបាល ដែលត្រូវការពារកិត្តិយសរបស់ខ្លួន ខ្ញុំសម្រេចបញ្ចប់រឿងនេះ ដោយឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាប័ណ្ណវិទ្យុវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយ នៅត្រឹមម៉ោង 10.00នាទី ថ្ងៃ១៣ កុម្ភះ ២០២៣ ជាកំហិត»។
សម្តេចបន្ថែមថា «សូមសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ជួយការពារសណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិនៃវិទ្យុនេះ ឲ្យបានគង់វង្ស។ យើងបិទតែការផ្សាយគ្រប់ប្រភេទនៃវិទ្យុនេះប៉ុណ្ណោះ តែយើងមិនប៉ះពាល់ទ្រព្យសម្បត្តិរបស់គេទេ។ សូមមិត្តភក្តិបរទេស ដែលផ្តល់លុយឲ្យវិទ្យុនេះ បង្វិលលុយទៅប្រទេសវិញ ឬជួយទៅប្រទេសផ្សេង។ សូមបុគ្គលិក ដែលធ្វើការនៅវិទ្យុនេះ ស្វែងរកការងារធ្វើនៅកន្លែងផ្សេងទៀត»៕