សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា នាពេលខាងមុខនេះសេដ្ឋកិច្ចកម្ពុជាលើវិស័យសេវាកម្ម នឹងមានកំណើនខ្លាំងជាងគេលើសវិស័យផ្សេងៗទៀត តាមរយៈកំណើនទេសចរ ខណៈបច្ចុប្បន្នសេដ្ឋកិច្ចវិស័យឧស្សាហកម្មមានការកើនឡើងខ្ពស់រហូតដល់៣៨%។រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ដើម្បីបម្រើដល់ការទាក់ទាញវិនិយោគមកកាន់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់។

ការថ្លែងអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានមកជួបក្មួយៗចៅៗ កម្មករ កម្មការិនីទាំងអស់ដែលកំពុងបម្រើការងារនៅរោងចក្រតំបន់ព្រៃស្ពឺនាថ្ងៃនេះ។ សម្ដេចបញ្ជាក់ថា ជំនួបជាមួយបងប្អូនកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីផង និងមួយផ្នែកទៀតដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រទាំងអស់បានអនុវត្តបានយ៉ាងល្អ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំជាច្រើន។

សម្តេចតេជោបានអរគុណដល់កម្មករ កម្មការិនី ដែលបានអនុវត្តបានយ៉ាងល្អនូវវិធានការសុខភិបាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រងស្ថានការវិបត្តិកូវីដ-១៩ បានយ៉ាងល្អរហូតអាចបើកសង្គម សេដ្ឋកិច្ចឡើងវិញដល់បច្ចុប្បន្ននេះ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាតទៅទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត ក្នុងនោះរាជរដ្ឋាភិបាលបានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្សជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម។

ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ។ សម្តេចបានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺអេដស៍ផងដែរ។

ទន្ទឹមគ្នានោះ សម្តេចតេជោបានផ្ដាំផ្ញើដល់កម្មករនិយោជិតកុំលង់ទៅតាមការញុះញង់របស់ក្រុមជនអាក្រក់នៅក្រៅប្រទេស ខណៈកាលពីឆ្នាំ២០១៣ ក្រុមជនអាក្រក់នេះហើយ ជាមេខ្លោងដឹកនាំកម្មករធ្វើបាតុកម្មខុសច្បាប់។ សម្តេចតេជោបានប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណា ក៏ដោយឲ្យតែមានការអន្តរាគមន៍ពីបរទេស នឹងគ្មានការបន្ធូរបន្ថយ និងលើកលែងទោសនោះទេ ដើម្បីលុបបំបាត់ការជ្រៀតជ្រែករបស់បរទេសលើផ្ទៃក្នុងកម្ពុជា។

ថ្លែងសង្កត់ធ្ងន់ៗក្នុងពិធីខាងលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាឱ្យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបញ្ចេញអាវុធធនធ្ងន់ ដើម្បីបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក។ សម្តេចក៏បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត​៕

អត្ថបទដែលជាប់ទាក់ទង