រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោត

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្តេចក្រឡាហោម ស ខេង បានផ្ញើសារលិខិតថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

ក្នុងសារលិខិត សម្តេចក្រឡាហោមបានថ្លែងថា ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិយើង ជាពិសេសបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការ រៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់ តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។ លទ្ធផលដែលយើងសម្រេចបានយ៉ាងត្រចះត្រចង់នេះមិនត្រឹម តែជាជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែក យ៉ាងសំខាន់ដែលមិនអាចខ្វះបាន ក្នុងក្របខណ្ឌនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេច ស ខេង បានបន្តថា បរិយាកាសប្រកបដោយភាពអំណោយផល និងមានតម្លៃនេះ បានបង្កលក្ខណៈងាយស្រួលជូន ប្រជាពលរដ្ឋយើងគ្រប់និន្នាការនយោបាយ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៨៤.៥៨% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស។ ប្រជាជនយើងគ្រប់ច្រកល្ហក បានអនុវត្ត យ៉ាងពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជាពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជា ធិបតេយ្យសេរី ពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងអបអរសាទរ ចំពោះលទ្ធផលមិនទាន់ផ្លូវការនៃការបោះឆ្នោតនេះ ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ ជូនថ្នាក់ដឹកនាំ សមាជិក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ ដើម្បីបន្តរួមចំណែកបង្កើតស្នាដៃ និង សមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិជាទីស្នេហារបស់យើង៕

អត្ថបទដែលជាប់ទាក់ទង