ក្រុមចោរធាក់ប្លន់៤នាក់ត្រូវបានប៉ូលិសស្រុកកៀនស្វាយស្ទាក់ចាប់បានហើយ

កណ្តាល៖ ក្រុមចោរធាក់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយសហការជាមួយសមត្ថកិច្ច នគរបាលខណ្ឌដង្កោចុះបង្ក្រាបឈានដល់ការឃាត់ខ្លួនបានចំនួន៤នាក់ហើយ ខណៈបក្សពួកចំនួន២នាក់ទៀត បានកំពុងរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចក៏កំពុងស្រាវជ្រាវតាមចាប់វ៉ៃខ្នោះផងដែរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីការចុះបង្ក្រាបមុខសញ្ញាក្រុមចោរធាក់ប្លន់និងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់  ខណៈក្រុមចោរស្ទាវចំនួន០៦នាក់ បានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីបុរសម្នាក់កំពុងជិះម៉ូតូដឹកសាច់គោឱ្យម៉ូយ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិស្រែអំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាន ម៉ាអាត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរកសិករ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1AR-7521។

ចំណែកជនសង្ស័យមានគ្នាចំនួន០៦នាក់ ក្នុងនោះមាន៖ ១.ឈ្មោះ ជា ផាថាណា (ហៅយ៉ាង) ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)។ ២.ឈ្មោះ ម៉ៅ ដារ៉ែន (ហៅរ៉ូ) ភេទប្រុសអាយុ១៩ឆ្នាំ( ឃាត់ខ្លួន) ។ ៣.ឈ្មោះ ម៉េត ពេជ្រមន្នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន)។ ៤.ឈ្មោះ អែម ចាន់បញ្ញា (ហៅណាន) ភេទប្រុសអាយ២០ឆ្នាំ ជនជាតិខ្មែរ(ឃាត់ខ្លួន)។ ៥. ឈ្មោះ ជ្រុយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ(រត់គេចខ្លួន)។ អ្នកទាំង៥មានទីលំនៅក្នុងភូមិសំបុកចាប សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និង ៦. ឈ្មោះ សា  ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ជិតផ្លូវជាតិលេខ៣ (រត់គេចខ្លួន)។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូដឹកសាច់គោទៅឱ្យម៉ូយនៅផ្លូវជាតិលេខ១ ដោយជិះតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យជិះម៉ូតូ០២គ្រឿងមានគ្នា០៥នាក់ ពេលមកជួបជនរងគ្រោះឈ្មោះ ជ្រុយ បានធាក់ម៉ូតូរបស់ជនរងគ្រោះ ដួលបោកថ្នល់របួសធ្ងន់ត្រូវចំក្បាល បន្ទាប់មកមានម៉ូតូមួយគ្រឿងទៀតជិះគ្នា០៣នាក់បានជិះមកពីក្រោយ រួចជនសង្ស័យឈ្មោះ សា បានចុះទៅលើកម៉ូតូជនរងគ្រោះជិះចេញទៅតាមផ្លូវក្រវ៉ាត់ទី៣ ទាំង០៣ម៉ូតូ ឆ្ពោះមកផ្លូវជាតិលេខ១ ឡើងទៅភ្នំពេញ។

ដោយទទួលបានពាក្យបណ្តឹងតាមទូរសព្ទ័ពីពលរដ្ឋ កម្លាំងប៉ុស្តិ៍ឈើទាល កម្លាំងនគរបាលអន្តរាគមន៍ស្រុកកៀនស្វាយ និងកម្លាំងនិងប៉ុស្តិ៍កំពង់ស្វាយ ដេញតាមពីក្រោយមកដល់ផ្លូវ២៧១ ខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ជា ផាថាណា ហៅ(យ៉ាង) យកមកសាកសួរ ទើបកំណត់មុខសញ្ញាចាប់បានបក្សពួក០៣នាក់ នៅក្នុងខណ្ឌដង្កោ ចំណែក០២នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូបានចំនួន០៣គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត ដើម្បីកសាងសាងសំណុំរឿង បញ្ជូនមកស្នងការនគរបាលខេត្តកណ្ដាលដើម្បីចាត់ការបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង