ឪពុកទូរស័ព្ទទៅប្រាប់កូនស្រីថា «អញចាក់សម្លាប់ម៉ែហ្អែងហើយ ទៅមើលផង» ខណៈកម្លាំងPMចាប់ឃាត់ខ្លួនបាន!

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាលបានចាប់ឃាត់ខ្លួនបុរសជាឃាតករម្នាក់បន្ទាប់ពីភ្លើងប្រចណ្ឌឈានដល់ការចាក់សម្លាប់ប្រពន្ធខ្លួនឯង ហើយរត់ទៅសំងំលាក់ខ្លួន ក្នុងចម្ការស្វាយ ១យប់ នៅទី២៤ ខែកក្កដា ឆ្នាំ២០២៣។

បើតាមប្រភពថា ករណីឃាតកម្មនេះ បានកើតឡើងនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង១៨៖៣០នាទីយប់ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។

ប្រភពបានឲ្យដឹងថា ឃាតករឈ្មោះ អឿន សុិន ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិ ឃុំ កើតហេតុ ត្រូវជាប្ដី ។រីឯជនរងគ្រោះឈ្មោះ សែម គឹមសាន ភេទស្រីអាយុ ៤៤ឆ្នាំ។

ជនដៃដល់បានសារភាពថា ខ្លួនពិតបានយកកាំបិតចុងស្រួច ចាក់សម្លាប់ប្រពន្ធ ឈ្មោះ សែម គឹមសាន ប្រាកដមែន។ ដោយមូលហេតុមកពីខ្លួនប្រចណ្ឌប្រពន្ធ ខណៈប្រពន្ធតែងតែដើរផឹកស៊ី ជាមួយមនុស្សប្រុសជាញឹកញាប់ និងចងការប្រាក់គេជំពាក់ច្រើន មិនគិតរកលុយសងគេ គិតតែរឿងផឹកស៊ីផ្ដេសផ្ដាស់ និយាយមិនស្ដាប់។

បើតាមការលើកឡើងពីឃាតករក្រោយធ្វើសកម្មភាពរួច ខ្លួនបានកាន់កាំបិតរត់មកផ្ទះវិញដោយបោះកាំបិតចោលនៅលើគ្រែក្បែរពាងទឹកនៅក្រៅផ្ទះ និងបន្តរត់ទៅពួនក្នុងចម្ការស្វាយមួយកន្លែង ចម្ងាយពីផ្ទះប្រហែលជាង៥០០ម៉ែត្រ និងបានទូរស័ព្ទទៅកូនស្រីរបស់ខ្លួនប្រាប់ថា «អញចាក់សម្លាប់ម៉ែឯងហើយ ទៅមើលផង»។ លុះយប់ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣ ដោយរូបគេស្រេកទឹកផង ឃ្លានបាយផង ទើបដើរចេញពីក្នុងចម្ការស្វាយសំដៅមកភូមិ ក៏ជួបនឹងសមត្ថកិច្ចកងរាជអាវុធហត្ថ ដែលកំពុងពួនស្ទាក់ ទើបត្រូវឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនដៃដល់ខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង