សម្តេចតេជោ ហ៊ុន សែន ក៏នឹងកាន់តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រដើម្បីការពារព្រះរាជបល្ល័ង្ក
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ទាប់ពីអញ្ជើញថ្វាយបង្គំគាល់ព្រះមហាក្សត្រថា ក្រោយពីសម្តេចលាលែងពីតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេល៣៨ឆ្នាំកន្លងមកនេះ សម្តេចនឹងបន្តទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ទន្ទឹមនេះសម្តេចនឹងទៅកាន់តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រផងដែរ ដោយមានសម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ម៉ែន សំអន និងសម្តេច ទៀ បាញ់ ជាសមាជិក។
សម្តេចតេជោបានគូសបញ្ជាក់ថា តំណែងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រនេះមិនមានអំណាចឡើយ។ ក្នុងសន្ទុរកថានៅរសៀលថ្ងៃទី២៦ ខែកក្កដា សម្តេចតេជោបានថ្លែងថា៖«ខ្ញុំ ព្រះកុរណា នឹងដង្ហែព្រះមហាក្សត្រ ក៏ដូចជាជួយសម្របសម្រួលរវាងព្រះបរមរាជវាំង ជាមួយនឹងរាជរដ្ឋាភិបាល(ថ្មី) ជាពិសេសការផ្គត់ផ្គង់ភ័ស្តុភារ ឬអ្វីទាំងឡាយ សន្តិសុខ ជាពិសេសការការពារព្រះរាជបល្ល័ង្កតែម្តង»។
សម្តេចថ្លែងថា នៅខែកុម្ភៈឆ្នាំ២០២៤ នឹងមានការកោះប្រជុំព្រឹទ្ធសភា ហើយនៅខែមីនា ឆ្នាំ២០២៤ សម្តេចនឹងចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាថ្មីជាផ្លូវការ។
សម្តេចតេជោអះអាងថា លោក ហ៊ុន ម៉ាណែត នឹងកា្លយជានាយករដ្ឋមន្ត្រីថ្មី ដោយនាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ សម្តេចបានអះអាងថាសម្តេចនឹងមិនជ្រៀតជ្រែងកិច្ចការ ផ្ទៃក្នុងរបស់នាយករដ្ឋមន្ត្រីថ្មីឡើយ៕