ទិន្ន័យជំរឿនសត្វក្រៀលមានការកើនឡើងនៅតំបន់ព្រៃលិចទឹក ទន្លេមេគង្គ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ លទ្ធផលជំរឿនចុងក្រោយនេះ កត់ត្រាបានសត្វក្រៀល មានចំនួនខ្ពស់បំផុត ក្នុងខែកុម្ភះគឺ១៨០ក្បាល។ សម្រាប់តួលេខថ្មីនេះ បង្ហាញសញ្ញាវិជ្ជមាន បើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់ បានតែ១៦១ក្បាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន។

ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹង នាថ្ងៃទី៣០ ខែកក្កដាថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿនសត្វក្រៀលនៅប្រទេសកម្ពុជាឆ្នាំ២០២៣នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជានិងវៀតណាមដូចជាតំបន់ដីសណ្តរទន្លេមេគង្គ តំបន់ជំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើងនិងឥសាន្ត។កាលបរិច្ឆេទនៃការធ្វើជំរឿងសត្វក្រៀលនៅប្រទេសកម្ពុជាគឺធ្វើឡើងនៅខែធ្នូ មករា កុម្ភះ មីនា មេសា និង ខែ ឧសភា។លទ្ធផលជំរឿនចុងក្រោយនេះកត់ត្រាបានក្រៀលចំនួនខ្ពស់បំផុតក្នុងខែកុម្ភះគឺ១៨០ក្បាល តួលេខថ្មីនេះបង្ហាញសញ្ញាវិជ្ជមានបើប្រៀបធៀបទៅនិងលទ្ធផលឆ្នាំ២០២២ដែលរាប់បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។ សត្វក្រៀល២ក្បាលបានកត់ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។

ឯកឧត្តមបានឱ្យដឹងផងថា៖សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះ ពីក្រុមអ្នកវិទ្យាសាស្ត្ររបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF កម្ពុជា។ កាលពីម្សិលមិញ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់អំពីវត្តមានរបស់សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេបានទទួលព័ត៌មានអំពីវត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រាដល់ទីតាំងក្នុងតំបន់ទីជម្រកនោះ។

លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដោយបានបញ្ជាក់ថាវាគឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រាលរួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរនៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។

លោកបាននិយាយទៀតថា៖របកគំហើញដ៏អស្ចារ្យនេះពិតជាជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាលរបស់យើង សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មនៅកម្ពុជាបានលើកឡើងថា៖«ប្រទេសកម្ពុជានៅមានវត្តមានសត្វក្រៀលក្នុងទីជម្រកធម្មជាតិក្នុងចំនួនមួយគួរឱ្យកត់សំគាល់ ប៉ុន្តែសត្វនេះកំពុងប្រឈមនិងកត្តាគំរាមកំហែងជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយជាបន្ទាន់។

គួរបញ្ជាក់សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និងខ្ពស់ជាងគេហើយអាចហើរបានក្នុងរយះចម្ងាយឆ្ងាយ ដែលបច្ចុប្បន្តកំពុងតែទទួលរងការគម្រាមកំហែងឈានទៅជិតផុតពូជអាស្រ័យដោយចំនួនប្រជាសាស្រ្តមានការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជានិងវៀតណាមមាន៨៧៨ក្បាលក្នុង២០០២ ធ្លាក់មកដល់១៥៦ក្បាលក្នុងឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង