ឯកឧត្តម ឯម ច័ន្ទមករា ផ្ញើសារជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុខួប ៧០ឆ្នាំ ឈានចូល៧១
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ។
ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេច ម៉ែន សំអន ឯកឧត្តម ឯម ច័ន្ទមករា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពដ៏ឧត្តុងឧត្តម និងសកម្មភាពស្នេហាជាតិ មាតុភូមិប្រកបដោយគំរូវីរភាពខ្ពង់ខ្ពស់ ដែលសម្តេចកិត្តិសង្គហបណ្ឌិត បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជួយជាតិមាតុភូមិកម្ពុជាមានការរីកចម្រើនដល់ពេលនេះ។
សារលិខិតគោរពជូនពរមានខ្លឹមសារថា៖ «នាឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យកែវទាំងបីឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តាមជួយថែរក្សាអភិបាលនូវសព្ទសាធុការពរជ័យគ្រប់ប្រការចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ជាងរយឆ្នាំចាកផុតពីរោគាព្យាធិនានា និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈជានិច្ចនិរន្តរ៍តរៀងទៅ»។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន កើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៣ នៅស្រុកសំបូរ ខេត្តក្រចេះ ប្រទេសកម្ពុជា។ សម្ដេចជាស្ត្រីតែម្នាក់គត់ដែលកាន់តំណែងជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា។ ក្រៅពីមានតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលសម្ដេចក៏មានតំណែងជាន់ខ្ពស់នៅក្នុងបក្សប្រជាជនផងដែរ។ដោយកាន់តំណែងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាជាមួយនឹងអនុប្រធានចំនួន ៣រូបទៀត៕