សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ តំបន់អាស៊ាន បានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តំបន់អាស៊ាន បានវិវត្តខ្លួនទៅជានិមិត្តរូបនៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលដ៏សម្បើម ដែលអាចឆ្លុះបញ្ចាំង តាមរយៈឋានៈជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៥ ក្នុងពិភពលោក។
ការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនការ តភ្ជាប់ អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម»។
សម្តេចមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ម្តងទៀតនៅទីនេះនៅចំកណ្តាលរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមធុរកិច្ចទាំងអស់ ដែលបានចូលរួមដឹកនាំរៀបចំព្រឹត្តិការណ៍ថ្នាក់តំបន់ដ៏សំខាន់នេះឡើង។
សម្តេចបវរធិបតីសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះប្រតិភូធុរកិច្ចដ៏ឧត្តុង្គឧត្តម មកពីរដ្ឋសមាជិកអាស៊ាន និងបណ្តាប្រទេសជាដៃគូ ជាច្រើនទៀត។
សម្តេចនាយករដ្ឋមន្ត្រីក៏បានថ្លែងដែរថា យើងបានវគ្គផ្គូផ្គងធុរកិច្ច (Business Matching Sessions) ដែលនឹងបង្កើតកាលានុវត្តភាពដ៏មានតម្លៃជាច្រើនរវាងធុរកិច្ច និងធុរកិច្ច (B2B) និង កិច្ចប្រជុំរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច (Government-to-Business Meetings) ដែលនឹងជំរុញការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការរបស់យើង។
សម្តេចបានថ្លែងទៀតថា តំបន់អាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ។ ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាពភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងទៀតថា តម្លៃ និងភាពជោគជ័យរបស់យើង គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus) ។ ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, សហគមន៍មួយ», រដ្ឋជាសមាជិកទាំងអស់, បូករួមទាំងកម្ពុជា, បានប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍របស់យើងទាំងមូល៕