បញ្ជូនខ្លួនអធិការដ្ឋានរងខណ្ឌចំការមនដែលប្រើអំពើហិង្សាម្នាក់ទៅតុលាការនៅរសៀលនេះ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ឱ្យដឹងថា អធិការដ្ឋានរងនគរបាលខណ្ឌចំការមនដែលប្រើអំពើហិង្សាដាក់អ្នកបើកបររថយន្តដែលទៅបុកខឿនមុខផ្ទះពលរដ្ឋ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងថា៖ «ទាក់ទងនឹងលោកអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនដែលបានប្រើអំពើហិង្សាទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃមុនហ្នឹង នារសៀលនេះយើងនឹងបញ្ជូនអនុវត្តបន្តទៅសាលាដំបូងរាជធានីភ្នំពេញ»។

ការណ៍ដែលឈានដល់ការបញ្ជូនអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនទៅតុលាការ ដោយសារតែកាលពីយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកអធិការរងបានជិះម៉ូតូម៉ាក PCX មកពីក្រោយ ក៏បានចុះទៅឃាត់ម្ចាស់រថយន្តម៉ាក PRIUSដែលបានបើកទៅបុកខឿនមុខផ្ទះពលរដ្ឋបណ្តាលឱ្យខូចខាតបន្តិចបន្តួច ហើយបានប្រើអំពើហិង្សាដល់លើបុរសជាម្ចាស់រថយន្តដោយប្រើកណ្តាប់ដៃដាល់បុរសជាម្ចាស់រថយន្តរហូតដល់សន្លប់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថាជុំវិញករណីនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាដាច់ញ្ញតិឱ្យអធិការដ្ឋាននគរបាលខណ្ឌចំការមនត្រូវចាត់វិធានការច្បាប់លើអធិការរងនគរបាលខណ្ឌចំការមនដែលបង្កហិង្សាលើប្រជាពលរដ្ឋ។

លោកថា ក្នុងនាមជាមន្ត្រីនគរបាល មិនត្រូវប្រើអំពើហិង្សាដាក់ពលរដ្ឋដែលបានធ្វើខុសច្បាប់ចរាចរណ៍នោះទេ ពោលត្រូវតែនាំជនល្មើសច្បាប់ចរាចរណ៍មកសាកសួរ ធ្វើកិច្ចសន្យា ឬការធ្វើសង និងផាកវិន័យទៅតាមច្បាប់ជាដើម៕

អត្ថបទដែលជាប់ទាក់ទង