ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ គាំទ្រកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិសំណង់​ជាមួយ​ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុង និងក្រៅប្រទេសនានា

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់ជាអនុសាសន៍ថា គួរជំរុញ និងលើកទឹកចិត្តឱ្យមានការចូល​រួម និងសហការពីវិស័យឯកជនឱ្យបានច្រើនលើការប្រើប្រាស់មន្ទីរពិសោធន៍ជាតិសំណង់របស់ក្រសួង តាមរយៈការចុះអនុស្សរណៈយោគ​យល់​គ្នានិងកំណត់ស្តង់ដារមានគុណភាព ស្តង់ដារបច្ចេកទេសសំណង់ឱ្យបានច្បាស់លាស់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងនូវចំណុចនេះកាលពី​រសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ​​នៅ​ក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងាររបស់មន្ទីរពិសោធន៍ជាតិសំណង់ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់។

ជាមួយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគាំទ្រក្នុងការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវរបស់មន្ទីរពិសោធន៍ជាតិសំណង់​ជាមួយ​ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនសំណង់ទាំងក្នុង និងក្រៅប្រទេសនានា ដែលបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ សិក្សាបន្ថែមពីភាពខុសគ្នា និង​អត្ថប្រយោជន៍ នៃបទដ្ឋានបច្ចេកទេសសំណង់របស់បណ្តាប្រទេសផ្សេងៗ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំទៀតថា អគ្គលេខាធិការដ្ឋាន ត្រូវសិក្សាលម្អិតបន្ថែមឱ្យ​ហើយដើម្បីកំណត់ស្តង់ដារ និងតម្រូវការជាមូលដ្ឋាននៅតាមគម្រោងលំនៅឋាននានា ដោយគិតគូរពីការរៀបចំលំនៅឋាន សោភណ័ភាព សុខមាលភាព និងការរៀបចំក្រុង​ទាំងមូល ដោយផ្តោតលើការប្រើប្រាស់ប្រព័ន្ធទឹកស្អាត ទឹកកខ្វក់ កម្រិតនីវ៉ូទឹកឡើងពេលភ្លៀង ដើម្បីឈានទៅរកការតម្រង់ទិសនៃការរៀប​ចំ​នគរ​ដែនដីប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង