ចោរបានកំពុងលួចចាក់ដីលុបសមុទ្រនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង
(កោះកុង)៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានពួកឈ្មួញអ្នកមានអំណាច មានលុយ បានកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងចក្រលួចចាក់ដីលុបសមុទ្រនៅក្នុងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង យ៉ាងគគ្រឹកគគ្រេងហាក់ដូចជាមិនខ្លាចច្បាប់ទម្លាប់ប្រទេសជាតិនោះឡើយ ដែលសកម្មភាពទាំងនេះមើលទៅហាក់ដូចជាប្រយ័ត្នប្រយែង។
ប្រភពបានឱ្យដឹងបន្ថែមថា សកម្មភាពនៃការលុបសមុទ្រនេះ បានកើតឡើងកំឡុងចុងឆ្នាំ២០២៤បន្ត មកដល់សព្វថ្ងៃនេះ ដោយមិនឃើញមានកិច្ចឬអាជ្ញាធរជំនាញចុះទៅបង្ក្រាបឬហាមឃាត់នោះឡើយ។ ពួកគេបានចាក់ដី១ឡាន ប្រើគ្រឿងចក្ររុញដីឲ្យរាបស្មើភ្លាមៗ ដូចជាប្រយ័ត្នប្រយែងខ្ពស់ណាស់ ពោលគឺចាក់ដីភ្លាម មានគ្រឿងចក្របញ្ឍរចាំរុញដីឲ្យរាបស្មើភ្លាមៗតែម្ដង ដែលករណីលួចចាក់ដីចូលសមុទ្រស្ថិតនៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ហើយអ្នកមានឥទ្ធិពលដែលបានធ្វើសកម្មភាពលុបសមុទ្រនេះ គេនិយមហៅថា តាម៉ាប់។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីលួចចាក់ដីចូលសមុទ្រ ដោយលាក់កំបាំងតាមរយៈការលួចធ្វើក្នុងសំណង់មានរបងបិទជិត មិនឲ្យអាជ្ញាធរណាដឹង។ បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតំបន់នោះ ហាក់ដូចជាមិនជឿទាល់តែសោះ នៅពេលអាជ្ញាធរឆ្លើយថា មិនបានដឹង។
ប្រភពបន្តឲ្យដឹងថា ករណីចាក់ដីលុបសមុទ្រនេះ បានកើតឡើងជារឿយៗ ច្រើនកន្លែងមកហើយនៅក្នុងភូមិសាស្រ្តស្រុកស្រែអំបិលខេត្តកោះកុង។ ហើយថាតើការចាក់ដីលុបសមុទ្រនេះ គេនៅមិនទាន់ដឹងថា បានសុំច្បាប់អនុញ្ញាត ឬមានការអនុញ្ញាតដោយអាជ្ញាធររូបណានោះទេ?។
ករណីនេះ មិនទាន់អាចសុំការបំភ្លឺពីអាជ្ញាធរឃុំជ្រោយស្វាយដើម្បីបំភ្លឺបាននៅឡើយ។ ដូចគ្នានេះដែររដ្ឋបាលស្រុកស្រែអំបិល ក៏មិនអាចទាក់ទងបានដែរ។ គេហទំព័រយើងខ្ញុំរង់ចាំការឆ្លើយតបចំពោះការបំភ្លឺពីស្ថាប័នពាក់ព័ន្ធជុំវិញករណីនេះ៕