ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «គ្រប់មជ្ឈដ្ឋាន និងក្រសួង ស្ថាប័ននានា បានទទួលស្គាល់គុណភាពនៃការជ្រើសរើស បណ្ដុះបណ្ដាល និងសមត្ថភាពនៃមន្ត្រីរាជការដែលឆ្លងកាត់សាលាភូមិន្ទរដ្ឋបាល»

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖«គ្រប់មជ្ឈដ្ឋាន និងក្រសួង ស្ថាប័ននានា បានទទួលស្គាល់គុណភាពនៃការជ្រើសរើស បណ្ដុះបណ្ដាល និងសមត្ថភាពនៃមន្ត្រីរាជការដែលឆ្លងកាត់សាលាភូមិន្ទរដ្ឋបាល»ឯកឧត្តមបានគូសបញ្ជាក់បន្ថែមពីបេសកកម្ម និងការងារអាទិភាពឆ្ពោះទៅមុខ ព្រមទាំងបានស្នើថ្នាក់ដឹកនាំ មន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធ ត្រៀមស្មារតី និងឆន្ទៈ ក្នងការអនុវត្តការងារកែទម្រង់ការប្រឡងជ្រើស រើសមន្ត្រី ដោយឈរលើមូលដ្ឋានការដឹកនាំដោយគោលការណ៍ និងការចូលរួមទាំងអស់គ្នា

ការគូសបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងពិធីជូបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល។

ជាមួយនោះ ឯកឧត្តម យក់ បុណ្ណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានឡើងធ្វើបច្ចុប្បន្នភាពការងារ និងរបាយការណ៍សមិទ្ធផលដែលសាលាភូមិន្ទរដ្ឋបាលសម្រេចបានចាប់ពីឆ្នាំ២០១៦ រហូតដល់បច្ចុប្បន្ន។

ឯកឧត្តមនាយកសាលាក៏បានលើកអំពីសមិទ្ធផល៤ ផ្នែកធំៗរួមមាន៖ ការជ្រើសរើស និងបណ្តុះបណ្តាលសិស្សមន្ត្រី ការបណ្តុះបណ្តាលមន្ត្រីរាជការ ការសិក្សាស្រាវជ្រាវ និងចងក្រង ព្រមទាំងការអនុវត្ត និងផ្សព្វផ្សាយការងារសង្គម។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ឈានទៅសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងការជ្រើសរើសបណ្ដុះបណ្ដាលដល់មន្ត្រីរាជការដែលទើបជ្រើសរើសថ្មីក្នុងក្របខណ្ឌរដ្ឋបាល និងការបណ្ដុះបណ្ដាលបន្តពង្រឹងសមត្ថភាពដល់មន្ត្រីរាជការដែលកំពុងបម្រើការក្នុងវិស័យសាធារណៈ។

ទន្ទឹមនោះ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព។» ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម

គួរជម្រាបជូនថា បន្ទាប់ពីកិច្ចសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញ ពិនិត្យទីតាំង និងធ្វើទស្សនកិច្ចសាលាភូមិន្ទរដ្ឋបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង