តិរច្ឆានមែន, កូនប្រុសខឹងខ្ចីម៉ូតូពីឪពុកមិនបាន ទាញកាំបិតខ្វែវកាប់
ឧត្តរមានជ័យ៖ តិរច្ឆានណាស់, បុរសម្នាក់ខឹងខ្ចីម៉ូតូពីឪពុកបង្កើតរបស់ខ្លួនមិនបាន ទាញកាំបិតខ្វែវកាប់ឪពុកបង្កើតរបស់ខ្លួនឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែងម្នាក់ឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងភូមិអូរអង្រេ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ហួន គី ភេទប្រុស អាយុ ៣២ឆ្នាំ ជាកូនទី៤ រីឯជនរងគ្រោះជាឪពុកមានឈ្មោះ ឡឹក គៀន អាយុ ៦៦ឆ្នាំ។
ប្រភពព័ត៌មានបានបន្តថា មុនពេលកើតហេតុ កូនរបស់គាត់បានដើរមកសុំយកម៉ូតូជិះដើរលេង ប៉ុន្តែជនរងគ្រោះមិនព្រមឲ្យដោយសារកន្លងមក ជនដៃដល់រូបនេះ តែងតែដើរលក់ជក់ថ្នាំមិនស្តាប់បង្កាប់ ថែមទាំងបំផ្លាញ់ទ្រព្យសម្បត្តិក្នុងគ្រួសារថែមទៀត។
ប្រភពព័ត៌មានបន្តទៀតថា មួយសន្ទុះក្រោយមកក៏លឺជជែកគ្នា ស្រាប់តែ កូនប្រុសតិរច្ឆានរូបនេះខឹងក៏បានទាញកាំបិតខ្វេវ កាប់លើឪពុកបណ្ដាលឱ្យរងរបួសស្មាខាងឆ្វេង ហូរឈាមរបួសធ្ងន់ធ្ងរ។
តាមប្រភពបានបញ្ជាក់ថា ក្រោយកើតហេតុបាន១ថ្ងៃជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន និងនាំមកអធិការស្រុកអន្លង់វែង ដើម្បីធ្វើការសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕