ការវះកាត់ភ្នែកកុមារលើកដំបូង នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានអនុវត្តដោយជោគជ័យ
ការវះកាត់ភ្នែកកុមារលើកដំបូង នៅមន្ទីរពេទ្យកុមារជាតិ ត្រូវបានអនុវត្តដោយជោគជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយសាស្ត្រាចារ្យ Wang Xilang អនុប្រធាននាយកដ្ឋានជំងឺភ្នែក នៅមន្ទីរពេទ្យកុមារខេត្តហ៊ូណាន ក្នុងប្រទេសចិន។ កុមារីដំបូងអាយុ៩ឆ្នាំ នាងត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺ esotropia។
ឪពុកម្តាយរបស់កុមារីខាងលើ មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយមកនៅពេលដឹងថា មានគ្រូពេទ្យឯកទេសភ្នែក មកពីមន្ទីរពេទ្យកុមារប្រទេសចិន ក៏បានណាត់ជួបជាមួយគ្រូពេទ្យភ្លាមៗ រួចសម្រេចចិត្តធ្វើការវះកាត់។ សាស្ត្រាចារ្យ Wang Xilang ការវះកាត់បានប្រព្រឹត្តទៅយ៉ាងរលូន ហើយជំងឺ esotropia របស់កុមារត្រូវបានកែតម្រូវយ៉ាងខ្លាំង បន្ទាប់ពីការវះកាត់បានជោគជ័យ។ ឪពុកម្តាយរបស់កុមារីខាងលើ មានការពេញចិត្តជាខ្លាំង និងសម្តែងការដឹងគុណចំពោះក្រុមគ្រូពេទ្យខេត្តហ៊ូណាន ប្រទេសចិន។
គួរជម្រាបថា ក្រោយបើកដំណើរការផ្នែកជំងឺភ្នែក នៅមន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យកុមារខេត្តហ៊ូណាន ប្រទេសចិន ក្នុងគម្រោងជំនួយមន្ទីរពេទ្យសមភាគីចិន មិនត្រឹមតែនាំយកឧបករណ៍ជំនាញឯកទេសភ្នែកមួយចំនួនប៉ុណ្ណោះទេ ថែមទាំងបានបញ្ជូនអ្នកជំនាញផ្នែកភ្នែកមកផងដែរ។
កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ ក្រុមអ្នកជំនាញមកពីមន្ទីរពេទ្យកុមារខេត្តហ៊ូណាន បានចាប់ផ្តើមការងារយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា ដោយបានអនុវត្តនូវគម្រោងគ្លីនិកភ្នែកកុមារដោយឥតគិតថ្លៃ ការពិគ្រោះ ការវាយតម្លៃការវះកាត់ ការវាយតម្លៃហានិភ័យ នៃការប្រើថ្នាំសន្លប់។ល។
សាស្ត្រាចារ្យ Wang Xilang បានលះបង់ និងយកចិត្តទុកដាក់ក្នុងគម្រោងមួយនេះ គាត់តែងតែធ្វើការពិនិត្យភ្នែកប្រកបដោយវិជ្ជាជីវៈ តែងតែលុតជង្គង់ដើម្បីធ្វើការពិនិត្យ ហើយគាត់ក៏ធ្វើការដល់ម៉ោងយប់ជារៀងរាល់ថ្ងៃដែរ។ ជំនាញវិជ្ជាជីវៈដ៏អស្ចារ្យរបស់ក្រុមគ្រូពេទ្យចិន ក៏ត្រូវបានកោតសរសើរដោយបុគ្គលិកពេទ្យខ្មែរផ្សេងទៀតផងដែរ។
ទោះបីជាមន្ទីរពេទ្យកុមារជាតិកម្ពុជា និងមន្ទីរពេទ្យកុមារខេត្តហ៊ូណាន បានសហការគ្នាជាង៧ឆ្នាំមកហើយក៏ដោយ ប៉ុន្ដែកិច្ចសហប្រតិបត្តិការលើវិស័យជំងឺភ្នែកកុមារ ទើបតែបានចាប់ផ្តើម។
លោក Wang Hua ប្រធានក្រុមគម្រោង បានលើកឡើងថា គ្រូពេទ្យកម្ពុជា-ចិន នឹងសហការគ្នាកាន់តែជិតស្និតបន្ថែមទៀតនាពេលអនាគត ជាពិសេសតាមរយៈ «បន្ទប់តេស្តវេជ្ជសាស្ត្រហ៊ូណាន» ដើម្បីរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរដ៏ល្អ ហើយនឹងបើកបណ្តាញវេជ្ជសាស្ត្របៃតង ដើម្បីទទួលព្យាបាលកុមារកម្ពុជា ដែលមានជំងឺពិបាកព្យាបាល និងស្មុគស្មាញ ពីមន្ទីរពេទ្យកម្ពុជា។
ក្រុមគ្រូពេទ្យចិន ទន្ទឹងរង់ចាំការផ្តល់សេវាវេជ្ជសាស្រ្តកាន់តែប្រសើរឡើងដល់កុមារកម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់មន្ទីរពេទ្យ និងបុគ្គលិកពេទ្យទាំងទ្វេភាគី៕