រដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រាប់តួកគីថា «សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលកម្ពុជាឱ្យឆ្ងាយជាងនេះ …!»

«សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលកម្ពុជាឱ្យឆ្ងាយជាងនេះ គឺកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកមួយនៃកិច្ចសហប្រតិបត្តិការ និងទីផ្សារក្នុងប្រទេសសមាជិកអាស៊ានដ៏ទៃផ្សេងទៀត»។ នេះជាប្រសាស៍របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ថ្លែងទៅកាន់លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

នៅក្នុងជំនួបខាងលើនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានប្រកាសស្វាគមន៍ចំពោះរាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាពកិច្ចសហការនានា ជាមួយភាគីតួកគីទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមានការបណ្តុះបណ្តាល ការផ្តល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យមុខងារសធារណៈ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ជាមួយនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ ដោយក្នុងនោះបន្ថែមលើវិស័យខាងលើ លោកជំទាវ មានបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខសាធារណៈ នៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានរួមចំណែកជួយអភិវឌ្ឍលើ វិស័យសំខាន់ៗ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រយៈពេលជាង៦៤ ឆ្នាំនៃប្រទេសកម្ពុជា-តួកគី។ ឯកឧត្តមបានកត់សម្គាល់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្តឆ្ពោះទៅមុខគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាល និងប្រជាជនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង