ឯកឧត្តម ហួត ឃាងវេង៖ ក្រសួងព័ត៌មានបានចូលរួមសម្របសម្រួលអង្គភាពសារព័ត៌មានដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រឹត្តិការណ៍ពិព័រណ៍1Khmer B2B និងB2C
«ក្រសួងព័ត៌មានបានចូលរួមសម្របសម្រួលអង្គភាពសារព័ត៌មានដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រឹត្តិការណ៍ពិព័រណ៍1Khmer B2B និងB2C»។ ការគូសបញ្ជាក់របស់ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាននៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅ The Olympia Mall ក្នុងពិធីបើកសម្ពោធកម្មវិធី 1Khmer (Cambodia ) B2B&B2C Exhibition 2023។
គួរជម្រាបជូនថា ពិព័រណ៍ 1Khmer B2B និង B2C ខាងលើនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ខាងក្នុងផ្សារទំនើប Olympia Mall ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយ ENGAGE ដែលស្ថិតនៅក្រោម Universal Alliance ។ ពិព័រណ៍នេះ មានការចូលរួមពីក្រសួងការបរទេស ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងការគាំទ្រជាផ្លូវការពីនិយ័តករទីផ្សារមូលបត្រកម្ពុជា (SERC) ផ្សារហ៊ុនកម្ពុជា (CSX) និងនិយ័តករអាជីវកម្មអចលនវត្ថុ និងហាងបញ្ចាំ។ ពិព័រណ៌នេះមានទម្រង់ចម្រុះនៃអ្នកតាំងពិព័រណ៍ រួមទាំងក្រុមហ៊ុនចុះបញ្ជីសាធារណៈ ក្រុមហ៊ុនមូលបត្រ និស្សន្ទវត្ថុ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនទូរគមនាគមន៍ អ្នកអភិវឌ្ឍអចលនទ្រព្យ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ រមណីយដ្ឋាន សណ្ឋាគារ សមាគមន៍ទេសចរ ក្រុមហ៊ុនបច្ចេកវិទ្យា និងម៉ាកភេសជ្ជៈសំខាន់ៗ និងវិស័យឯកជនជាច្រើនទៀត។
ក្នុងឱកាសតំណាងរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម ហួត ឃាងវេង មានគូសបញ្ជាក់ថា៖ក្រសួងព័ត៌មានបានចូលរួមជួយសម្របសម្រួលអង្គភាពសារព័ត៌មានដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រឹត្តិការណ៍នេះ និងបន្តទំនាក់ទំនងបន្ថែមជាមួយ Universal Alliance លើកិច្ចសហការ រវាងទស្សនាវដ្តី Alliance និងបណ្តាញផ្សព្វផ្សាយក្រសួងព័ត៌មាន AKP TVK RNK App MoINF។ ជាពិសេសក្រសួងព័ត៌មានបន្តទំនាក់ទំនងជាមួយ ENGAGE លើកិច្ចការងារពិព័រណ៌ និងផ្សព្វផ្សាយលើកក្រោយទៀត៕