នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសពង្រឹងចរិយាធម៌ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីការពង្រឹងចរិយាធម៌ដល់សិស្សានុសិស្សពីថ្នាក់មត្តេយ្យដល់​ថ្នាក់ទី១២ ក្នុងប្រព័ន្ធអប់រំខ្មែរនៅនីតិកាលថ្មីនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការអប់រំ​មិន​ត្រឹម​តែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ គឺផ្តល់ទាំងគុណធម៌ សីលធម៌ និងឥរិយាបថល្អដល់ពួកគេផងដែរ។

សង្គមខ្មែរបច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា មានការធ្លាក់ចុះផ្នែកសីលធម៌សង្គម។ ក្នុងនោះ​សិស្សានុសិស្សនៅតាមសាលាមួយចំនួន ក៏បានធ្វើសកម្មភាពឆ្គាំឆ្គងបាត់បង់ចរិយាធម៌។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដានៅយប់ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅក្រុងញូវយ៉ក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការអប់រំត្រូវ​ពឹង​ផ្អែកលើអាណាព្យាបាល សាលារៀន និងបរិស្ថានសង្គម។ ប៉ុន្តែអាណាព្យាបាលនាពេល​បច្ចុប្បន្ន​​មមា​ញឹកខ្លាំងនឹងការងារចិញ្ចឹមជីវិត ជាហេតុធ្វើឱ្យគាត់មិនបានចូលរួមអប់រំកូន។

ដើម្បីបំពេញការខ្វះចន្លោះរបស់ឪពុកម្តាយបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមើល​ឃើញថា មានតែការបន្ថែមតួនាទីនៃការអប់រំនៅតាមសាលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «ចរិយាធម៌សំខាន់ណាស់សម្រាប់ធនធានមនុស្ស​របស់យើង។ គុណធម៌ សីលធម៌ ផ្នត់គំនិត របស់​យុវជនរបស់យើងត្រូវរៀបចំតាំងពីក្មេងមក។ អ៊ី​ចឹង​បានខ្ញុំឱ្យក្រសួងអប់រំរៀបចំបញ្ចូលកម្មវិធីមួយ​ចំនួន ដើម្បីបំផុសការស្ម័គ្រចិត្តជួយសហគមន៍ ការចេះជួយយកអាសាគ្នា»។

សម្តេចធិបតី បានបន្ថែមថា «សមត្ថភាពចំណេះដឹងយើងត្រូវគិតហើយ ប៉ុន្តែបើមានតែសមត្ថភាព​ខ្វះចរិយាធម៌ ខ្វះគុណធម៌ ក៏មិនកើត យើងត្រូវតែពង្រឹង។ អ៊ីចឹងបានត្រូវពង្រឹងតាំងពីក្មេងតែម្តង គឺពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ នេះគោលដៅអាទិភាពសំខាន់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យសិស្សគេផុតពីអបាយមុខនានា ឬមានពេលវេលាទៅធ្វើរឿងមិនល្អ គឺត្រូវរកកម្មវិធីសាលា កម្មវិធីសង្គមឱ្យបានច្រើនឱ្យគាត់​ចូល​រួម៕

អត្ថបទដែលជាប់ទាក់ទង