តើសម្ដេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងព័ត៌មានអាចនឹងមានចំណាត់ការបែបណាចំពោះ លោក ផែង វណ្ណៈ ក្រោយពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពីទង្វើជេរប្រមាថ មាក់ងាយ តិះដៀលលើអ្នកសារព័ត៌មាន?(មានVideo)

 

បណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បាន ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះអំពើរបស់លោក ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រមាថចំពោះអ្នកសារព័ត៌មាន បំពានលើក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា បណ្ដាញ​សារព័ត៌មានជាច្រើនអង្គភាពបានថ្កោលទោស និងទាត់ចោលទាំងស្រុងនូវការលើកឡើងរបស់ឈ្មោះ ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News  ដែលបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូចជាការប្រើពាក្យថា៖ ពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗ ពាក់កាតដើរសុំលុយគេ ពាក់កាតដើរឡាយតាមផ្ទះគេអ្នករកស៊ី ដេញចាប់រថយន្តដឹកជ្រូក ដឹកឈើ ដឹកគោក្របី ដូចពួកចាប់ជំរិត។ ដឹងព័ត៌មានហើយមិនផ្សាយ បែរជាយកព័ត៌មាននោះទៅគោះសុំលុយគេ ក៏ស្មើនឹងពួកចាប់ជំរិតដែរ។សមត្ថភាពប៉ុនខ្លួន តើឱ្យទៅពាក់កាតដើរឡាយ តាមចិញ្ចើមផ្លូវដូចពួកអាឆ្កួតអស់នឹង ម្ដេចនឹងកើត។និងបានចាត់ទុកបងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួន និងបានបង្ហោះភ្ជាប់រូបភាព ដោយសរសេរសំណេរថា ពួកអាកាសែតរហេមរហាមជាដើម។

ប្រភពព័ត៌មានបានគូសបញ្ជាក់ថា មិនតែប៉ុណ្ណោះទង្វើរបស់ឈ្មោះ ផែង វណ្ណៈ ខាងលើនេះ ពុំមែនជាការរិៈគន់ក្នុងន័យស្ថាបនានោះទេ ប៉ុន្តែបានបង្ហាញពីចរឹតញុះញង់ បង្កឲ្យមានការរើសអើង និងបង្កភាពវឹកវរដល់សង្គម ជាហេតុធ្វើឲ្យមហាជនមានការភ័ណ្ឌច្រឡំ បាត់បង់ជំនឿចិត្តលើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ។

ជាមួយនោះ បណ្ដាញសារព័ត៌មានជាច្រើនអង្គភាពខាងលើបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួងព័ត៌មានមេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ដែលបានប្រព្រឹត្តអំពើអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មាន និងបំពានក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាធរមាន។

ប្រភពព័ត៌មានបានឲ្យដឹងផងដែរថា នេះមិនមែនជាលើកដំបូងនោះទេដែលលោក ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News អង្គុយលើសាឡុងនិយាយរិះគន់ដល់មន្ត្រីរាជរដ្ឋាភិបាលមួយចំនួន ហើយជាពិសេសបានប្រើប្រាស់ពាក្យសម្ដីអសីលធម៌ វាយប្រហារ ជេរប្រមាថ តិះដៀល មាក់ងាយ ទៅលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

ទាក់ទិនករណីខាងលើនេះ អ្នកសារព័ត៌មានបានលើកឡើងជាសំណួរថា តើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាណត្តិថ្មី នីតិកាលទី៧ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអាចនឹងមានចំណាត់ការផ្លូវច្បាប់បែបណាចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ក្រោយពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពីទង្វើជេរប្រមាថ មាក់ងាយ តិះដៀលលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូច្នេះ? តើបុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ចង់បែងចែកឋានៈដល់អ្នកសារព័ត៌មាននៅកម្ពុជាឲ្យមានការរើសអើងឬយ៉ាងណា ស្របពេលដែលប្រជាជនកម្ពុជាស្ទើរទាំងអស់សុទ្ធតែត្រូវបានរស់រានមានជីវិតឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ របស់សម្ដេចតេជោ ហ៊ុន សែន និង​គណបក្សប្រជាជនកម្ពុជា?

គួររំលឹកថា ឈ្មោះ ផែង វណ្ណៈ កាលពីកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់បាននិយាយប្រមាថដល់ស្ថានប័នព័ត៌មាន Fresh News ថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេ Fresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេម រហាមអី ទៅរក Fresh News គឺ Fresh News អត់ជួយទេ….»។

ក្រោយមកអង្គភាពព័ត៌មាន Fresh News សូមទាមទារឱ្យឈ្មោះ ផែង វណ្ណៈ ប្រញាប់ធ្វើការកែតម្រូវជាបន្ទាន់ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន បរិហារកេរ្តិ៍មកលើ Fresh News ថា «ផ្សព្វផ្សាយនូវព័ត៌មានដែលមានលុយ» ដែលធ្វើឡើងតាមរយៈការ Live វីដេអូមួយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ផងដែរ បើមិនដូច្នោះទេ អង្គភាពព័ត៌មាន Fresh News នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនោះ អង្គភាពព័ត៌មាន Fresh News បានទុកឱសានវាទរយៈពេល ២៤ម៉ោងដល់លោក ផែង វណ្ណៈ សម្រាប់ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស Fresh News យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង