ជនវិបល្លាសប្រើប្រាស់ពូថៅកាប់លើបុរសម្នាក់បណ្តាលឲ្យស្លាប់នៅស្រុកសង្កែ

ជនវិបល្លាសស្មារតីម្នាក់បានយកពូថៅកាប់លើបុរសម្នាក់បណ្តាលឲ្យរងរបួសត្រង់ចុងភ្នែកខាងស្ដាំដល់គុំត្រចៀក ខាងស្ដាំ របួសត្រង់ឆ្អឹងជំនីផុត១កន្លែងបណ្ដាលឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់នៅវេលាម៉ោង១១៖៣០នាទី​ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចក្រុមទី០៩ ភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តថា ជនសង្ស័យម្នាក់ឈ្មោះ ប្រាក់ សុខណា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាជនវិបល្លាសស្មារតីមានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯជនរងគ្រោះឈ្មោះ កង ស៊ីណាត់ ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅភូមិភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយទទួលព័ត៌មានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌបានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើដើម្បីធ្វើការសាកសួរនិងបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យជាមនុស្សមានវិបល្លាសស្មារតី រួមជាមួយវត្ថុតាងពូថៅ១ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង