សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានអញ្ជើញមកដល់មាតុភូមិកម្ពុជាដោយសុវត្ថិភាពហើយ
នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិកម្ពុជាវិញប្រកបសុខសុវត្ថិភាពហើយ ក្រោយបញ្ចប់បេសកកម្មការងារនៅអាមេរិកប្រកបដោយផ្លែផ្កានិងកិត្តិយស។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ការអញ្ជើញថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិហើយនោះ ក្នុងពេលមានវត្តមាននៅសហរដ្ឋអាមេរិកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងជជែកការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា និងប្រធានាធិបតីប្រទេសទីម័រខាងកើតផងដែរ។
គួរជម្រាបជូនថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលនយោបាយការបរទេស របស់កម្ពុជា ក្នុងនាមសម្តេចជាមេដឹកនាំថ្មីរបស់កម្ពុជា ព្រមទាំងជម្រាបពីគោលនយោបាយអភិវឌ្ឍន៍ដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលថ្មី។ បន្ថែមពីលើនោះ ក៏មានការជជែកពីការពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។
គួរជម្រាបជូនទៀតថា ជាលទ្ធផលក្នុងជំនួបទាំងអស់ សុទ្ធតែទទួលបានលទ្ធផល្អ។ ក្នុងនោះអគ្គលេខាធិការធិការអង្គការសហប្រជាជាតិ បានជ្រួតជ្រាបពីនយោបាយរបស់កម្ពុជា ហើយបង្ហាញការគាំទ្រយ៉ាងមុតមាំលើកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជាផងដែរ៕