រដ្ឋមន្រី្ត ឈាង រ៉ា ថ្លែងអំណរគុណលោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សុខភាពសាធារណៈ ការគ្រប់គ្រងមន្ទីរពេទ្យ និងការស្រាវជ្រាវ

ក្រសួងសុខាភិបាលតួកគីសុំធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សុខភាពសាធារណៈ ការគ្រប់គ្រងមន្ទីរពេទ្យ និងការស្រាវជ្រាវជាដើម។

ការលើកឡើងរបស់លោកជំទាវ អ៊ូឃូ ខូចាអេសហ៊្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា យ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគ្នានោះឯកឧត្តមរដ្ឋមន្រី្ត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋតួកគី តាមរយៈស្ថានទូតសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែមានទំនាក់ទំនងការទូតដ៏ល្អ និងបានចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា, នាទីសី្តការក្រសួងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល ឯកឧត្តមសាស្ត្រាចារ្យ ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ លោកជំទាវឯកអគ្គរដ្ឋទូត ស្នើសុំការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការរៀបចំកិច្ចព្រមព្រៀងស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នៃប្រទេសទាំងពីរ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះសំណើសុំកិច្ចសហប្រតិបត្តិការ ព្រមទាំងស្នើឱ្យមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ពិភាក្សាគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះឱ្យបានឆាប់រហ័ស។

លោកជំទាវឯកអគ្គរដ្ឋទូត បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋតួកគី ជាពិសេសលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង