ឃាត់ខ្លួនស្ត្រីលក់ចាប់ហួយម្នាក់និងជនសង្ស័យ២នាក់ ទៀតពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងជួញដូរសារធាតុញៀនខុសច្បាប់
នៅវេលាម៉ោង០០៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ខណ្ឌដង្កោបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញរួមជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ ,កម្លាំងប៉ុស្តិ៍វាលស្បូវ បានចុះបង្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ១៧៩ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១. ឈ្មោះ ជ័យ ឆៃយ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។ ២. ឈ្មោះ ចាន់ លីម៉ឹង អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធនីភ្នំពេញ។ រួមជាមួយវត្ថុតាងកញ្ចប់សង្ស័យជាសារធាតុញៀនចំនួន២០កញ្ចប់ ក្នុងនោះកញ្ចប់ពណ៌ក្រហមចំនួន១៧កញ្ចប់ និងកញ្ចប់ពណ៌ផ្កាឈូកចំនួន ០៣កញ្ចប់។
ប្រភពអះអាងថា ដោយទទួលបានការអនុញ្ញាតពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៤ ៖៥នាទី នៅថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានបន្តចុះត្រួតពិនិត្យឆែកឆេរនៅចំណុចផ្ទះ លេខ៧៩ ផ្លូវ០៤ B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ រកឃើញ កញ្ចប់សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់ផ្សេងទៀតរួមមាន៖កញ្ចប់Ferrariរូបសេះពណ៍ក្រហមចំនួន២កញ្ចប់, កញ្ចប់Lamborghiniរូបគោ២កញ្ចប់, កញ្ចប់Rolls-Royeពណ៌ខ្មៅ១កញ្ចប់,និងកញ្ចប់ពណ៌ផ្កាឈូក១កញ្ចប់។ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យឹម ម៉ារីណែត ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅផ្ទះលេខ៧៩ ផ្លូវ០៤ B ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ យឹម ម៉ារីណែត ត្រូវបានរកឃើញមានសារធាតុញៀនក្នុងទឹកនោម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕