អ្នកស្រី ឃុន សំអាត៖ បើកូនគាត់មិនចូលក្នុងរបងគេ ក៏មិនឆក់ស្លាប់ដែរ ហើយបានស្លាប់ក៏ផុតបញ្ហាដែរ
បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្បែរបងដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃទី២៦ កញ្ញា ២០២៣នេះ។ បើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះ។
ប្រភពព័ត៌មានបានឲ្យដឹងបន្តថា សពជនរងគ្រោះឈ្មោះ លី ចំរើន អាយុ ២៣ឆ្នាំ មានមុខរបរមិនពិតប្រាកដ និងធ្លាប់ជាប់ពន្ធនាគារពីបទជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមលោកវរៈសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងនគរបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះត្រូវបានប្រទះឃើញដេកស្លាប់នៅក្បែររបងដីឡូត៍មួយកន្លែង ដែលកំពុងសាងសង់ ដោយជើងម្ខាងគងជាប់ហ្នឹងអន្ទារ និងមានស្នាមរោលខ្លោចនៅត្រង់ជើង ក្រោមអន្ទារ ហើយក្រោយពិនិត្យសាកសពនិងធ្វើកោសល្យវិច្ឆ័យ បញ្ជាក់ថាជនរងគ្រោះគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ដែលម្ចាស់ តភ្ជាប់តាមបង្គោលរបងត្រៀមបំពាក់អំពូល ដែលនៅក្នុងការដ្ឋាននោះ ពុំមានអ្នកស្នាក់នៅពេលយប់នោះទេ ហើយសាច់ញាតិរបស់ជនរងគ្រោះមិនបានប្តឹងផ្តល់អ្វីនោះឡើយ ដោយគ្រាន់តែសុំយកសពយកទៅធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ។
បើតាមអ្នកស្រី ឃុន សំអាត ជាម្តាយរបស់សពបានបញ្ជាក់ថា កូនប្រុសដែលស្លាប់នេះ ជាកូនទី២ និងជាកូនមិនគន្លងធម៌ ពុំស្តាប់ដំបូន្មាន ដើរលេងប៉ោឡែ សេពគប់មិត្តភ័ក្តមិនល្អ និងប្រើប្រាស់គ្រឿងញៀន ថែមទាំងធ្លាប់ជាប់ពន្ធនាគារពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ម្យ៉ាងទៀតធ្លាប់បានលួចម៉ូតូឪពុកយកទៅលក់ ស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនទៀតផង។
ទាក់ទិនករណីខាងលើ អ្នកស្រីក៏មិនបានប្តឹងផ្តល់អ្វីដែរ។ អ្នកស្រីជាម្ដាយបញ្ជាក់ថា បើកូនគាត់មិនចូលក្នុងរបងគេ ក៏មិនឆក់ស្លាប់ដែរ ហើយបានស្លាប់ក៏ផុតបញ្ហាដែរ គឺមានតែសុំយកសពទៅធ្វើបុណ្យ រំដោះកម្មពៀរឱ្យកូនគាត់បានទៅកាន់សុគតិភពតែប៉ុណ្ណោះទេ៕