ប៉ូលិសម្នាក់ និងស្ត្រីអ្នកលក់អនឡាញម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្បែរគល់ដូង សាកសពសុទ្ធតែស្លាប់ដោយសារគ្រាប់កាំភ្លើង នៅស្រុកល្វាឯម

មន្ដ្រីនគរបាលម្នាក់ និងស្ត្រីអ្នកលក់អនឡាញម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្បែរគល់ដូងក្នុងស្ថានភាពសាកសពស្អុយរលួយនិងសាកពសុទ្ធតែបានស្លាប់ដោយសារត្រូវគ្រាប់កាំភ្លើង នៅថ្ងៃទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៣ នៅចំណុចក្នុងចម្ការដូងរបស់ឈ្មោះ យ៉ុង​ ឈិន ស្ថិតក្នុងភូមិកោះកែវលេី ឃុំកោះកែវ ស្រុកល្វាឯម​ ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមប្រភពបន្តថា ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនិងសង្វេគខាងលើនេះ បានកេីតឡើងកាលពីវេលាម៉ោង៩:០០នាទី ក្នុងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលសពជនរងគ្រោះ‌មានចំនួន២នាក់៖
ទី១. ឈ្មោះ ឆេីត​ ឆវិន ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅ ភូមិ២​ សង្កាត់​វាលវង់​ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។ និងទី២. ឈ្មោះ ឈឿង​ មួយឡេង ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរតាម Online ទីលំនៅភូមិដេីមគ​ សង្កាត់​ដេីមមៀន ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅកន្លែងកេីតហេតុសមត្ថកិច្ចបានប្រទះឃើញកាំភ្លើង​ខ្លី១ដេីម​ គ្រាប់ក្នុងបង់៤​គ្រាប់​ គ្រាប់ក្នុងកាណុង​១​ គ្រាប់ គ្រាប់​កាំភ្លេីង​ក្នុងប្រអប់មាន​៣៣គ្រាប់ បង់១​មាន៧គ្រាប់។

បើ​តាមឈ្មោះ ឈឿង​ ធាវី​ ត្រូវជាបង​ស្រី​ បង្កើត​របស់សពឈ្មោះ​ ឈឿង​ មួយឡេង​ បានបំភ្លឺថា ប្អូន​ស្រីរបស់ខ្លួនមាន​មុខរបរ​លក់ខោអាវ​អនឡាញ​ និង​មាន​ទំនាក់ទំនង​ស្នេហា​​ជាមួយឈ្មោះ ឆេីត​ ឆវិន​ មានតួនាទីជាមន្ត្រី​នគរបាល​យូរឆ្នាំមកហេីយ​ លុះនៅថ្ងៃទី​៨​ ខែ​កញ្ញា​ ឆ្នាំ២០២៣​ វេលាម៉ោង​១៧៖០០នាទី​ ជនរងគ្រោះ​ ឈ្មោះ​ ឈឿង​ មួយឡេង​ បានឆាតតាម​ Messenger ប្រាប់ថា ជួយមេីលម៉ែ ខ្ញុំទៅស្លាប់ក្នុងព្រៃហេីយ​ ខ្លួនបានសួរថាមានរឿងអ្វីតែ​ជនរងគ្រោះ​មិនប្រាប់​ ពេលឆាតប្រាប់​ជនរងគ្រោះ​ក៏បិត​ទូរសព្ទ​បាត់ទៅ។ ហេីយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣​ បាន​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​២។​ លុះថ្ងៃទី​២៦​ ខែកញ្ញា ឆ្នាំ២០២៣​ វេលាម៉ោង១០៖៥០​នាទី​ព្រឹក​ ប្អូនស្រីម្នាក់ដែលរាប់អានគ្នាមាន អាខោន​ហ្វេសបុក ឈ្មោះ​ Pich Pich បានឆាតប្រាប់ខ្លួនមានគេប្រទះឃេីញ​ សាកសពមនុស្ស២នាក់​ នៅភូមិកោះកែវលេី​ ឃុំកោះកែវ​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ ឮដូច្នេះ​ក៏បានបបួល​បង​ប្អូន​មកមេីល​ ពេលមកដល់​បានពិ​និត្យថាពិជា​ប្អូនរបស់ខ្លួនពិត​ប្រាកដមែន។

បើតាមសមត្ថកិច្ចបានពិនិត្យ​កន្លែងកេីតហេតុឃេីញថា មានសាកសពបុរសម្នាក់នៅចម្ងាយពីផ្លូវ​រទេះ​ចម្ងាយ​៥០ម៉ែត្រ​ នៅលេីធាងដូងមានអាវប៉ូលីសនៅពីលេីគ្រោងឆ្អឹងសព។ រីឯសាកសពស្រី្តដេក​ផ្ងារបែរក្បាលទៅទិសខាងកេីត ក្បាលកល់និងគល់ដូង សាកសព​កេីយលេីថង់​ក្រដាស​អនាម័យ បែកក្បាលអែបគល់ដូង។

បើតាមរបាយការណ៍ពិនិត្យ​កោសល្យវិច័យលេីសាកសពខាងបុរសឃើញមានស្នាមគ្រាប់កាំភ្លេីងលេីក្បាលផ្នែកខាងស្តាំ ខាងលេី​សៀតផ្កាពីសៀតផ្កាដល់ស្នាម​របួសប្រវែង​៣cm របួសរៀងមូលទំហំ​០,៧៥​cm
រីឯសាកសពស្ត្រីមានស្នាមត្រូវគ្រាប់លេីក្បាលផ្នែកខាង​ស្តាំខាងក្រោយត្រចៀកស្តាំ​ ស្នាមគ្រាប់ទំហំ​១៣mm x ៥mm រាងពងក្រពេី​គម្លាតពី​គុម្ព​ត្រចៀកមកស្នាមរបួស​ប្រវែង​៥cm។

បើតាមការសន្និដ្ឋាន​របស់គ្រូពេទ្យនិងផ្នែកជំនាញ​បច្ចេកទេស​ខេត្ត​ថា ជាករណីឃាតកម្ម​ និងអត្តឃាត​សម្លាប់​ខ្លួនឯង។ ក្រោយពិនិត្យសាកសពរួចរាល់ក៏បាន​ប្រគល់​សាពសពជូន​ក្រុមគ្រួសារ​យកធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង