ចាប់វ៉ៃខ្នោះមុខសញ្ញាលួចដែកបាន៣នាក់ 

ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនវ៉ៃខ្នោះនៅវេលាម៉ោងប្រមាណជា១៥៖៤០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅចំណុចរោងផ្សិត ក្នុងក្រុមទី១៤ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងពាក់ព័ន្ធករណីលួច ដែកទីបជ្រុងនិងដែកទីមូល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូ សុផល ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួច ខ្លួនក៏បានបានទូរស័ព្ទឲ្យកម្មករធ្វើការឡឥដ្ឋ និងប្រជាការពារឲ្យមកជួយឃាត់ជនសង្ស័យបាន។

ប្រភពព័ត៌មានបានបន្តថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់៖ ១. ឈ្មោះ ឈៀង ពិសិដ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ជាម្ចាស់ម៉ូតូ និង២. ឈ្មោះ រ៉ុង ចំណាប់ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល និង៣. ឈ្មោះ អាត សំអាន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីសាកសួរ។

បន្ទាប់ពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដែកទីបជ្រុងនិងដែកទីមូលរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង