អគ្គនាយកដ្ឋានពន្ធនាគារនឹងចុះទៅធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីពន្ធនាគារទូទាំងប្រទេស

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃនឹងចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀន លើមន្ត្រីពន្ធគារទូទាំងប្រទេស និងជនជាប់ឃុំដែលសង្ស័យប្រើប្រាស់សារធាតុញៀនដោយពុំមានការផ្តល់ដំណឹងមុនឡើយ ខណៈមន្ត្រីណាគេចវេសនឹងត្រូវចាត់វិធានការផ្លូវច្បាប់ផងដែរ។ នេះបើតាមសេចក្ដីណែនាំរបស់លោកឧត្ដមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាយ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា ក្នុងករណីមន្ត្រីពន្ធនាគារ គេចវេសមិនព្រមសហការធ្វើតេស្ត ឬរកឃើញថា មានសារធាតុញៀន នោះ អគ្គនាយកដ្ឋានពន្ធនាគារ នឹងគោរពស្នើសុំគោលការណ៍សម្រេចពីក្រសួងដើម្បីអនុវត្តនូវវិធានការរដ្ឋបាលនានា និងវិធានការផ្លូវច្បាប់ជាធរមាន។

បើតាមសេចក្តីជូនដំណឹង ការចុះប្រតិបត្តិការធ្វើតេស្តទឹកនោមរកសារធាតុញៀននៅទូទាំងពន្ធនាគារនេះ គឺអនុវត្តមានប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម អភិសន្តិបណ្ឌិត ស ខេង ដែលថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣។

ចំណាត់ការនេះធ្វើឡើងដើម្បីធានាប្រសិទ្ធិភាពការអនុវត្តការងាររបស់មន្ត្រីពន្ធនាគារនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្តឱ្យកាន់តែប្រសិទ្ធភាព និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ៕

អត្ថបទដែលជាប់ទាក់ទង