អ្នកកាសែតជាច្រើននាក់នាំគ្នាដាក់ពាក្យប្ដឹងឲ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ចោល

ក្រោយរងការប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរពីសំណាក់បុគ្គល ផែង វណ្ណៈ ចាងហ្វាងក Pheng Vannak News នៅព្រឹកទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះអ្នកសារព័ត៌មានជាច្រើននាក់ បាននាំគ្នាមកដាក់ញត្តិនៅក្រសួងព័ត៌មានដើម្បីទាមទារឱ្យឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ដែលមានបុគ្គល ផែង វណ្ណៈ ជាចាងហ្វាងចោល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងបន្តថា ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍បានទទួលញត្តិពីក្រុមអ្នកសារព័ត៌មាននិងទទួលយកសំណើររបស់អ្នកសារព័ត៌មាន សម្រាប់ដោះស្រាយ តាមបែបបទរដ្ឋបាល។

ប្រភពបានបន្តថា ខណៈពេលដែលក្រុមអ្នកសារព័ត៌មានទៅដាក់ញត្តិនៅក្រសួងព័ត៌មាន ឯកឧត្ដម ផុស សុវណ្ណ ក៏បានលើកជាសំណួរថា តើបងប្អូនមកដាក់ញត្តិ នៅពេលនេះទាមទារអ្វីខ្លះ?

ចំពោះមុខ អ្នកសារព័ត៌មានបានឆ្លើយថា ពួកយើងខ្ញុំទាមទារឱ្យចាត់វិធានការលើឈ្មោះ ផែង វណ្ណៈ ដោយគ្មានការលើកលែង និងសូមឱ្យលុបអាជ្ញាប័ណ្ណសារព័ត៌មាន Pheng Vannak News ចោល ពីព្រោះចាងហ្វាងសារព័ត៌មានមួយនេះ បានតាំងខ្លួនជាអ្នកជួយសង្គម ដើម្បីមានបង្អែក សម្រាប់ធ្វើការប្រមាថតិះដៀល មកលើបងប្អូនអ្នកសារព័ត៌មានម្ដងហើយម្ដងទៀត ក្នុងពេលដែលបុគ្គលរូបនេះ កំពុងមានអាជីពជាអ្នកសារព័ត៌មាន។

ជាមួយនោះ ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា រាល់ការទាមទាររបស់បងប្អូន ឯកឧត្ដមនឹងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីសុំគោលការណ៍ដោះស្រាយ ឱ្យបានលឿន និងអាចទទួលយកបាន។

ទាក់ទិនករណីខាងលើ ឯកឧត្តម ផុស សុវណ្ណ បានលើកជាឧទាហរណ៍ថា «ប្រសិនបើមានការលុប clip Video និងសូមទោសអាចនឹងពុំមានការលុបអាជ្ញាប័ណ្ណនោះទេ»។

សូមជម្រាបជូនថា នាពេលថ្មីៗនេះ មានបណ្ដាញសារព័ត៌មានជាច្រើនអង្គភាពបានប្រកាសថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ ក្រោយបុគ្គលរូបនេះ បញ្ចេញវោហារថា «ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើបតម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗឆ្កួតៗ ពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេរហេមរហាម ខ្វះចំណេះដឹងនោះទេ។ មិនតែប៉ុណ្ណោះបុគ្គល ផែង វណ្ណៈ ក៏បានចាត់ទុកអ្នកសារព័ត៌មាន ស្មើនឹងពួកចោរចាប់ជំរិត។

បើតាមលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ «ដើមរាំង» បានបញ្ជាក់ថា ការប្រមាថ មកលើបងប្អូនអ្នកសារព័ត៌មាន ពីសំណាក់បុគ្គល ផែង វណ្ណៈ ពុំមែនជាលើកទី១ទេ ពោលគឺ ច្រើនលើកច្រើនសារមកហើយ ទាំងដែលបងប្អូនអ្នកសារព័ត៌មានគ្មានកំហុសអ្វីសោះ។

លោកបន្តថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បុគ្គល ផែង វណ្ណៈ បាននិយាយវ៉យសំឡេងតាមប្រព័ន្ធតេឡេក្រាមក្នុងគ្រុប «យុត្តិធម៌ព័ត៌មាន»ថា ធ្វើព័ត៌មានរបៀបការពារចោរបំផ្លាញធម្មជាតិ ធ្វើព័ត៌មានកុំធ្វើជាកញ្ជះរបស់ចោរបំផ្លាញធម្មជាតិ។ លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានប្រើប្រាស់ហ្វេសប៊ុក Pheng Vannak News ដោយនិយាយប្រមាថថា ពួកអាកាសែតស៊ីឈ្នួល ពួកអាកាសែតខ្ចប់មមីសមាន់ ពួកអាកាសែតខ្ចប់មមីសទា ទៅឡាយលុបលាងឱ្យភាគីម្ចាស់ «គ្លីនិក» ព្រោះតែប្រយោជន៍តិចតួច។ បន្ទាប់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឈ្មោះ ផែង វណ្ណៈ បានបន្តប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Pheng Vannak News ដោយនិយាយថា ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិៈសុទ្ធតែរថយន្តទំនើប តម្លៃជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់ មួយរៀលៗ ឆ្កួតពាក់កាតដើរឡាយតាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ «រហេមរហាម» ខ្វះចំណេះដឹងនោះទេ។

ទន្ទឹមនោះ លោក ចាន់ ថន បានឱ្យដឹងទៀតថា បុគ្គល ផែង វណ្ណៈ បានចាត់ទុកអ្នកសារព័ត៌មានស្មើនឹងពួកចោរចាប់ជំរិត និងបានធ្វើការប្រៀបធៀបថា បងប្អូនអ្នកសារព័ត៌មានទាំងពូជ មិនស្មើនិងចុងក្រចកជើងរបស់ខ្លួនទៀតផង។

ទាក់ទិនករណីខាងលើនេះ អ្នកសារព័ត៌មានក៏បានលើកឡើងជាសំណួរថា តើសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អាណត្តិថ្មី នីតិកាលទី៧ និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអាចនឹងមានចំណាត់ការផ្លូវច្បាប់បែបណាចំពោះ បុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ក្រោយពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពីទង្វើជេរប្រមាថ មាក់ងាយ តិះដៀលលើអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរដូច្នេះ? តើបុគ្គល ផែង វណ្ណៈ ចាងហ្វាងគេហទំព័រ Pheng Vannak News ចង់បែងចែកឋានៈដល់អ្នកសារព័ត៌មាននៅកម្ពុជាឲ្យមានការរើសអើងឬយ៉ាងណា ស្របពេលដែលប្រជាជនកម្ពុជាស្ទើរទាំងអស់សុទ្ធតែត្រូវបានរស់រានមានជីវិតឡើងវិញក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ របស់សម្ដេចតេជោ ហ៊ុន សែន និង​គណបក្សប្រជាជនកម្ពុជា?

គួររំលឹកថា ឈ្មោះ ផែង វណ្ណៈ កាលពីកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់បាននិយាយប្រមាថដល់ស្ថានប័នព័ត៌មាន Fresh News ថា៖ «អា Fresh News គេបន្ទរទៀត អូ គេអាលើតៗៗ (Alert) តែប្រជាជនមានទឹកភ្នែកទឹកសំបោរ មិនដែលឃើញ Fresh News ផ្សាយទេ Fresh News គេផ្សាយតែរឿងណាមានលុយទេ មានលុយគេផ្សាយ កន្លែងណាមានផលប្រយោជន៍គេផ្សាយ រឿងប្រជាជនទឹកភ្នែកទឹកសំបោរ រហេម រហាមអី ទៅរក Fresh News គឺ Fresh News អត់ជួយទេ….»។

ក្រោយមកអង្គភាពព័ត៌មាន Fresh News សូមទាមទារឱ្យឈ្មោះ ផែង វណ្ណៈ ប្រញាប់ធ្វើការកែតម្រូវជាបន្ទាន់ ចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន បរិហារកេរ្តិ៍មកលើ Fresh News ថា «ផ្សព្វផ្សាយនូវព័ត៌មានដែលមានលុយ» ដែលធ្វើឡើងតាមរយៈការ Live វីដេអូមួយ នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ផងដែរ បើមិនដូច្នោះទេ អង្គភាពព័ត៌មាន Fresh News នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ទន្ទឹមនោះ អង្គភាពព័ត៌មាន Fresh News បានទុកឱសានវាទរយៈពេល ២៤ម៉ោងដល់លោក ផែង វណ្ណៈ សម្រាប់ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈចំពោះសម្តីប្រមាថរបស់លោក ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស Fresh News យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង