រដ្ឋមន្ដ្រី៣ចុះត្រួតពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង
នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ៍ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ និងមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យតាមដានស្ថានភាពទឹក និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃកូ ខេត្តព្រៃវែង។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពនេះយកប្រភពទឹកពីទន្លេមេគង្គ មានផ្ទៃរងទឹកមាន ៧៩៥០០០ម៉ែត្រការ៉េ លំហូរប្រចាំឆ្នាំជាមធ្យម ១៤៥០០ម៉ែត្រគួបក្នុងមួយវិនាទី។
ស្ថានីយ៍ជំហានទី១ នេះមានតួនាទីនាំប្រភពទឹកពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែកជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រពលើផ្ទៃដីកសិកម្មក្នុងខេត្តព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាម។
នាព្រឹកថ្ងៃដដែលនេះ គណ:ប្រតិភូនៃក្រសួងទាំង៣ បានអញ្ជើញទៅពិនិត្យប្រព័ន្ធស្រោចស្រពជំហានទី២ មានទីតាំងនៅខេត្តព្រៃវែង ដែលមានលទ្ធភាពអាចស្រោចស្រពបាន៩៣១០០ហិកតានៅរដូវវស្សា និង២៣ ៣០០ហិកតានៅរដូវប្រាំង។
ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ប្រើប្រាស់ទឹក តំណាងសហគមន៍បានស្នើសុំសាងសង់ស្ពានបេឡេរិ៍ចំនួន២កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជាការឆ្លើយតប ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានណែនាំឲ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងអាជ្ញាធរស្រុកទៅធ្វើការពិនិត្យ និងសិក្សាទីតាំង ព្រមទាំងលើកគម្រោងសាងសង់ជូនតាមសំណូមពររបស់ប្រជាសហគមន៍ជាក់ស្ដែង៕