ប៉ូលិសម្នាក់ជិះម៉ូតូរអិលធ្លាក់ជង្ហុកដួលស្លាប់តែឯងនៅស្រុកក្រគរ
បុរសម្នាក់បានស្លាប់កាលពីវេលាម៉ោង២១៖១០នាទី ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយគ្រោះថ្នាក់ចរាចរណ៍ខណៈបើកម៉ូតូរអិលធ្លាក់ជង្ហុកដួលបណ្ដាលឲ្យស្លាប់ខ្លួនឯង នៅលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចមុខអនុស្ថានីយ៍ ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ម៉ាកសេរ៉ុស ពណ៌ស្ករ ពាក់ស្លាកលេខ នគរបាល 1-7679 បើកបរដោយឈ្មោះ នួន ហាច ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ មន្រ្តីនគរបាល ធ្វើដំណើរពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុស្រាប់តែជិះម៉ូតូរអិលធ្លាក់ក្រឡុកដួលដោយខ្លួនឯង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
បើតាមលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន នឹងកត្តាផ្លូវ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស បានយកមករក្សាទុកនៅប៉ុស្តិ៍វិញ៕