ក្រសួងសុខាភិបាលនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះឧកញ៉ា អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន ក្រោយវាយប្រហារមកលើក្រសួងដោយពុំមានមូលដ្ឋានសមស្រប និងមានចេតនាញុះញង់បង្កជាចលាចល ក្នុងសង្គម

ក្រសួងសុខាភិបាលនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះឈ្មោះ អ៊ុច សម្បត្តិ ប្រធានស្ថាបនិករបស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារ កក់ក្តៅ ឯ.ក និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន ក្រោយពួកគេ នៅតែមិនគោរព និងមិនអនុវត្តតាមវិធាន ការរបស់ក្រសួងជំនាញ ហើយបន្តធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ដោយពុំមានមូលដ្ឋាន សមស្រប និងមានចេតនាញុះញង់បង្កជាចលាចល ព្រមទាំងបំពុលបរិយាកាសនៅក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ក្រសួងសុខាភិបាលដែលបណ្ដាញ​សារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលបានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាព ផលិតផលសុខាភិបាលមានជាអាទិ៍ ឱសថ ផលិតផលបំប៉នសុខភាព ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង ក្រោយពេលអនុញ្ញាតឱ្យលក់លើទីផ្សារ ជាភារកិច្ចចាំបាច់ដែលក្រសួងសុខាភិបាលត្រូវអនុវត្តជាប្រចាំ។ ក្នុងការអនុវត្តភារកិច្ចនេះ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តែងតែស្រង់យកសំណាកពីទីផ្សារមកត្រួតពិនិត្យគុណភាព និងសារធាតុដែលអាចបង្កឱ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់។ ការអនុវត្តនេះ ក៏បានធ្វើឡើងផងដែរចំពោះផលិតផលបំប៉នសុខភាព – GINSENG ( PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក។

ក្រសួងសុខាភិបាលបានអះអាងថា ជាលទ្ធផលបានរកឃើញថា ផលិតផលបំប៉នសុខភាព GINSENG PRO របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក មានផ្ទុកនូវសារធាតុ Dexamethasone និង Prednisolone ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា លោក អ៊ុច សម្បត្តិ ប្រធានស្ថាបនិករបស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារ កក់ក្តៅ ឯ.ក បានទទួលស្គាល់ថា ក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក ពិតជាបានផ្សព្វផ្សាយ ចែកចាយ និងលក់ ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30Caps ដែលក្រសួងសុខាភិបាលបានធ្វើការវិភាគរក ឃើញមានផ្ទុកសារធាតុ Dexamethasone និង Prednisolone ប្រាកដមែន ហើយបានធ្វើកិច្ចសន្យា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រសួងសុខាភិបាល៖

១៖ ទទួលយកនូវវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការលុបលេខបញ្ញិកា និងចេញសេចក្តី ជូនព័ត៌មានជូនដល់សាធារណជនជ្រាបពីបញ្ហាគុណភាពរបស់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./ 30 Caps & GINSENG PRO B/Bott./ 60 Caps។

២៖ ប្រមូលផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./ 30 Caps និង GINSENG PRO B/Bott./ 60 Caps ទាំងអស់ពីទីផ្សារ ហើយធ្វើរបាយការណ៍ជូនក្រសួងសុខាភិបាល មិនឱ្យ លើសពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

៣៖ ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./ 30 Caps និង GINSENG PRO B/Bot./ 60 Caps ដែលបានប្រមូលពីទីផ្សារ និងផលិតផល GINSENG & PRO B/Bott/30Caps ចំនួន ១៦៧០ ប្រអប់ ដែលត្រូវបានឃ្លុំបេទុក ដោយក្រសួងសុខាភិបាល ត្រូវស្នើសុំកំទេចចោលតាមបច្ចេកទេសមកក្រសួងសុខាភិបាល ដោយនៅពេលកំទេចត្រូវមានការចូលរួមពីមន្ត្រីភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មិនឱ្យហួសពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

៤៖ ទទួលយល់ព្រមការបង់ប្រាក់ពិន័យអន្តរការណ៍ចំនួន ៥លានរៀល ជូនក្រសួងសុខាភិបាល ចំពោះករណីប្ដូរទីតាំងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក ដោយគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល។

៥៖ បញ្ឈប់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផល GINSENG PRO B/Bott./30Caps និង GINSENG PRO B/Bott./ 60 Caps ចាប់ពីពេលចុះកិច្ចសន្យាតទៅ ដោយយល់ព្រមទទួល ខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ប៉ុន្តែក្រោយពីបានទទួលស្គាល់កំហុសរបស់ខ្លួន គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ ក្ដៅ ឯ.ក នៅតែមិនគោរព និងមិនអនុវត្តតាមខ្លឹមសារនៃកិច្ចសន្យាខាងលើឡើយ ហើយថែមទាំងបានចេញ លិខិតបំភ្លឺជាសាធារណៈលេខ ៣៦៨/HHB/២៣ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈមេធាវីតំណាង របស់ខ្លួន ដោយធ្វើការវាយប្រហារមកលើក្រសួងសុខាភិបាល ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និង យល់ខុសទៅលើចំណាត់ការតាមផ្លូវច្បាប់របស់ក្រសួងសុខាភិបាល ដែលបានធ្វើកន្លងមក ទើបក្រសួង សុខាភិបាលចេញសេចក្តីសម្រេចស្តីពីការបិទ និងដកហូតសេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក។ រហូតមកដល់ពេលនេះ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក នៅតែមិនគោរព និងមិនអនុវត្តតាមវិធាន ការរបស់ក្រសួងជំនាញ ហើយបន្តធ្វើសកម្មភាពវាយប្រហារមកលើក្រសួងសុខាភិបាល ដោយពុំមានមូលដ្ឋាន សមស្រប និងមានចេតនាញុះញង់បង្កជាចលាចល ព្រមទាំងបំពុលបរិយាកាសនៅក្នុងសង្គម។

  • ក្រសួង សុខាភិបាលនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងលើ ឈ្មោះ អ៊ុច សម្បត្តិ និងបក្ខពួក ទៅតាមផ្លូវច្បាប់ជាធរមាន៕
អត្ថបទដែលជាប់ទាក់ទង