ប្រជាជនធ្វើសេចក្តីអំពាវនាវរកយុត្តិធម៌ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពីដំណើរការនីតិវិធីខុសច្បាប់របស់ចៅក្រម អាំង ចិន្តា និងអាជ្ញាសាលា ឡា ប៊ុនហួន លោកប៉ូលីសផ្កាយបី យីម សំណាង

ប្រជាជនបាននាំគ្នាផ្ដិតមេដៃលើលិខិតមួយច្បាប់ដើម្បីអំពាវនាវសុំស្វែងរកយុត្តិធម៌ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អំពីដំណើរការនីតិវិធីខុសច្បាប់របស់ចៅក្រម អាំង ចិន្តា និងអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន លោកប៉ូលីសផ្កាយបី ឈ្មោះ យីម សំណាង បានប្ដឹងទាមទារដីពីយើងខ្ញុំតាំងពីខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេល នេះមានរយៈពេល ៤ឆ្នាំ ៩ខែ និងរឿងរក្សាការពារហាមឃាត់ការផ្ទេរកម្មសិទ្ធិមានរយៈពេល ០៤ឆ្នាំ ១០ខែ តែសាលាដំបូងខេត្ត បន្ទាយមានជ័យ មិនដំណើរការនីតិវិធីអ្វីទាំងអស់ ទុកចោលទាំងស្រុង។ នេះបើតាមលិខិតអំពាវនាវមួយច្បាប់ចំនួន២ទំព័រដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន។

នៅក្នុងសេចក្ដីអំពាវនាវរកយុត្តិធម៌បាន បញ្ជាក់ថា បច្ចុប្បន្នរឿងទាំងនេះមាន លោកចៅក្រម អាំង ចិន្តា ទទួលបន្ទុក។ ផ្ទុយទៅវិញរឿងរក្សាការពារផ្សេងមួយទៀត ដែលទើបតែប្ដឹងក្រោយ២ឆ្នាំ បែរជាទៅមុខលឿន ហើយ លោកចៅក្រម អាំង ចិន្តា បានធ្វើនីតិវិធីឱ្យអាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន ចុះមកអនុវត្តរក្សាការពារខុសច្បាប់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ ហើយខ្លឹមសាររក្សាការពារបានត្រឹមឱ្យបើករបង ប៉ុន្តែបែរជាបញ្ហាឱ្យឈូសឆាយផលដំណាំប្រជាពលរដ្ឋ និងកសាងផ្លូវថ្មីលើដី ឯកជន។

ប្រភពបន្តថា យើងខ្ញុំក៏បានដាក់ពាក្យសុំពន្យាពេលផងដែរ តែលោកចៅក្រម អាំង ចិន្តា នៅតែប្រញាប់ចុះអនុវត្តដោយខុសច្បាប់។ អាជ្ញាសាលាឈ្មោះ ឡា ប៊ុនហួន លួចចុះអនុវត្តស្ងាត់ៗមិនជូនដំណឹងមកយើងខ្ញុំ តែហៅមេធាវីភាគីម្ខាងទៀតឱ្យមកចូលរួម។ លើសពីនេះទៀត សាលាឧទ្ធរណ៍បាត់ដំបង បានកោះហៅភាគីចូលសវនាកាអំពីការសុំផ្អាកការអនុវត្តដោយបង្ខំនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ និងសវនាកាលើរឿងសុំជំនុំជម្រះសារជាថ្មីនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបន្ថែមថា យើងខ្ញុំបានប្ដឹងចៅក្រមចំនួន៤រូប ទៅឧត្តមក្រុមប្រឹក្សាអង្គចៅក្រមតាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ប្ដឹងពីការបង្ខាំង សំណុំរឿងមិនចាត់ការ និងការលួចបំបាត់ឯកសារសំណុំរឿងចេញពីសំណុំរឿង ហើយក៏បានប្ដឹងសុំផ្ទេរសមត្ថកិច្ចតុលាការផងដែរ ប៉ុន្តែ រហូតមកដល់ពេលនេះ។ ចៅក្រមទាំងអស់ បានដឹងថាយើងខ្ញុំប្តឹងពួកគេទៅឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ហើយនៅតែបន្តបង្ខាំងសំណុំ រឿងមិនដំណើការនីតិវិធីដដែល។ អយុត្តិធម៌ណាស់ រឿងក្តីកំណត់ម្ចាស់កម្មសិទ្ធិស្របច្បាប់ទុកចោលមិនដំណើការ តែរឿងរក្សា ការពារខុសច្បាប់បើករបងលើដីឯកជនកំពុងមានវិវាទ ដើរទៅមុខយ៉ាងលឿន ហើយអាជ្ញាសាលាអនុវត្តខុសនីតិវិធីច្បាប់ទាំងស្រុង។

នោក្នុងសេចក្ដីអំពាវនាវបានបន្តឲ្យដឹងទៀតថា នៅឆ្នាំ២០០៤ សម្តេចតេជោ បានសម្រេចប្រគល់ដីជូនប្រជាពលរដ្ឋចំនួន ៥៨៩ គ្រួសារ។ នៅឆ្នាំ២០០៥ រដ្ឋបាលខេត្ត បន្ទាយមានជ័យ បានចេញដីកាសម្រេចប្រគល់ដីជូនប្រជាពលរដ្ឋ ជាការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ បន្ទាប់មកនៅ ចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦ រដ្ឋបាលឃុំប៉ោយប៉ែត (បច្ចុប្បន្នសង្កាត់អូរជ្រៅ) បានចេញលិខិតបញ្ជាក់ឱ្យប្រជាពលរដ្ឋ ហើយនៅ ឆ្នាំ២០១៨ រដ្ឋបាលខេត្ត និងមន្ទីរសុរិយោដីខេត្ត បានចុះវាស់វែងប្រមូលទិន្នន័យចុះបញ្ជីដីជាប្រព័ន្ធឱ្យប្រជាពលរដ្ឋ ហើយយើងខ្ញុំបាន ទទួលបង្កាន់ដៃចុះបញ្ជីដីជាប្រព័ន្ធ។ ពីឆ្នាំ១៩៩៨ ដល់ចុងឆ្នាំ២០១៨ លោកប៉ូលីសផ្កាយបីមិនដែលមកប្តឹងទាមទារដី ឬជំទាស់ការ សាងសង់ផ្ទះរបស់ប្រជាពលរដ្ឋនោះទេ។ លោកប៉ូលីសផ្កាយបីទើបចេញមកប្ដឹងទៅតុលាការក្រោយពេលចុះបញ្ជីដីជាប្រព័ន្ធ។ ប្លង់ដីឆ្នាំ ១៩៩៨ របស់លោកប៉ូលីសផ្កាយបីជាប្លង់ដីខុសច្បាប់ ព្រោះឯកឧត្តមនាយឧត្ដមសេនីយ៍ ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ និងខុទ្ធការល័យសម្ដេចក្រឡាហោម ស ខេង បានចេញលិខិតបំភ្លឺយ៉ាងច្បាស់លាស់បដិសេធប្លង់ដីទាំងនោះ។

ប្រភពដដែលបានលើកឡើងថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ ថា “រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ និងធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ”។

គួរជម្រាបថា នៅក្នុងសេចក្ដីអំពាវនាវរកយុត្តិធម៌ ប្រជាពលរដ្ឋក៏បានសូមគោរពរកក្តីមេត្តាពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមអន្តរាគមន៍ជួយការពារដីយើងពួកគាត់ផង៕

អត្ថបទដែលជាប់ទាក់ទង