អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគបាលជាតិបារាំង បើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន

 

អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគបាលជាតិបារាំង នៅព្រឹកថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ បានបើកវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកការងារប្រយុទ្ធប្រឆំាងបទល្មើសគ្រឿងញៀន តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកស្រីមេបញ្ជាការនគរបាល Nathalie CARLIER អនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា នាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង នៅទីស្តីការក្រសួងមហាផ្ទៃ។

នា​ឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងអំណរគុណចំពោះនគរបាល នៃក្រសួងមហាផ្ទៃសាធារណៈរដ្ឋបារំាង ដែលបានចាត់តាំងលោកស្រីមេបញ្ជាការនគរបាល Nathalie CARLIER ក្នុងការសហការរៀបចំវគ្គបំប៉ននេះឡើង ទាំងនេះបានសបញ្ជាក់ឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារំាង ចំពោះការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន សម្រាប់កងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា វគ្គបំប៉នជំនាញមានសារសំខាន់បំផុតសម្រាប់នគរបាលជាតិកម្ពុជា ហេតុដូចនេះ សិក្ខាកាមទាំងអស់ត្រូវប្រឹងប្រែងស្តាប់ យកចិត្តទុកដាក់កត់ត្រា សាកសួរ ដកស្រង់យកបទពិសោធន៍ និងលើកឡើងនូវបញ្ហាដែលធ្លាប់ជួបប្រទះដោះស្រាយមិនបាន ដើម្បីសុំយោបល់ពីសំណាក់គ្រូបង្គោលដែលគាត់មានចំណេះជំនាញ យកទៅកែសម្រួលនូវរាល់ចំណុចខ្វះខាតរបស់យើង។

ជាមួយនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់មេរៀនដែលបានរៀបចំឡើងក្នុងវគ្គបំប៉ននេះ សុទ្ធសឹងតែជាមេរៀនសំខាន់ ដែលឆ្លើយតបទៅនឹងសភាពនៃឧក្រិដ្ឋកម្មគ្រឿងញៀន កើតឡើងពេលបច្ចុប្បន្ន។

ក្នុងកម្មវិធីវគ្គបំប៉ន លោកស្រី មេបញ្ជាការនគរបាលបារាំង Nathalie CARLIER បាន​ថ្លែងថា វគ្គបំប៉នជំនាញនេះ មានការបង្រៀនផ្ទាល់ដោយគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ ដែលនឹងផ្តល់ជូនចំណេះដឹងល្អៗសម្រាប់សិក្ខាកាមក្នុងការពង្រឹង និងពង្រីកសមត្ថភាពដើម្បីអភិវឌ្ឍន៍ការងារប្រកបដោយប្រសិទ្ធភាព។

លោកស្រីបានអំពាវនាវដល់សិក្ខាកាមទាំងអស់ ដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់សិក្សា ផ្លាស់ប្តូរយោបល់ សួរសំនួរនៅត្រង់ចំណុចណាដែលមិនយល់ ធ្វើដូចនេះសិក្ខាកាមនឹងទទួលបានចំណេះជំនាញពិតប្រាកដមួយដើម្បីយកទៅអនុវត្តជាក់ស្តែង។

សូមបញ្ជាក់ថា វគ្គនេះនឹងដំណើរការរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដោយសិក្ខាកាម ចំនួន ២០រូន នឹងទទួលបានចំណេះដឹងលើមេរៀន៖ កំណត់អត្តសញ្ញាណគ្រឿងញៀន, លំហូរគ្រឿងញៀនជាសកល, រចនាសម្ព័ន្ធសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរសារធាតុញៀននៅ ប្រទេសបារាំង, ការប្រមូលភស្តុតាងមុនពេលចាប់ខ្លួន, ការស៊ើបអង្កេតស្ថានភាពជុំវិញអ្នកជួញដូរ និងបច្ចេកទេស ពិសេសក្នុងការស៊ើបអង្កេត និងនិតិវិធីផ្លូវច្បាប់ជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង