ដើម្បីប្រយុទ្ធប្រឆាំងអំពើទារុណកម្មនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញការងារណែនាំមួយចំនួនដល់គ្រប់ភាគីទាំងអស់
ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្ដរួមសហការគ្នាបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើទារុណកម្មតាមគ្រប់ទម្រង់ និងគ្រប់រូបភាពទាំងអស់ ពិសេសចំពោះជនដែលត្រូវបានដកហូតសិទ្ធិសេរីភាព។
ក្នុងពិធីប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើទារុណកម្ម នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិត្រូវត្រួតពិនិត្យ ដើម្បីតាមដានឲ្យបានទៀងទាត់កន្លែងឃុំនានា អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវដកហូតសិទ្ធិសេរីភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្តថា គណៈកម្មាធិការជាតិ ត្រូវបន្ដធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ កាន់តែល្អប្រសើរសកម្មផុលផុសបន្ថែមទៀត ដោយបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ចលនាការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ពិសេសអង្គការដៃគូផ្សេងៗទៀត ដើម្បីឲ្យមានភាពយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់អំពើទារុណកម្មលើជនដែលត្រូដកហូតសិទ្ធិសេរីភាព។
ដើម្បីប្រយុទ្ធប្រឆាំងអំពើទារុណកម្មនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដាក់ចេញការងារណែនាំដល់គ្រប់ភាគីទាំងអស់ ក្នុងនោះមានទាំងគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម, អាជ្ញាធរមានសមត្ថកិច្ច និងការអនុវត្តតួនាទីភារកិច្ច របស់មន្ដ្រីអនុវត្តច្បាប់ ដូចខាងក្រោម៖
ការងារចម្បងៗរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម៖១៖ បន្ដខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល ផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយពីផលប៉ះពាល់ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀត អំពីអនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែមនៃអនុសញ្ញានេះ និងលិខិតតុបករណ៍អន្ដរជាតិផ្សេងៗដល់អ្នកពាក់ព័ន្ធ ពិសេសការគោរពសិទ្ធិមនុស្ស ព្រមទាំងបទបញ្ញត្តិទាំងឡាយរបស់ច្បាប់ជាតិ និងអន្ដរជាតិ។, ២៖ ត្រូវត្រួតពិនិត្យ ដើម្បីតាមដានឲ្យបានទៀងទាត់កន្លែងឃុំនានា អំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវដកហូតសិទ្ធិសេរីភាព។ ឧទាហរណ៍៖ អគារស្នាក់នៅ អនាម័យគួរតែមានផាសុខភាពល្អ ជាពិសេសការពារសុវត្ថិភាព ដែលនេះក៏ជាមធ្យោបាយមួយដើម្បីពង្រឹងសុវត្ថិភាព បង្ការទប់ស្កាត់ ប្រឆាំងទារុណកម្មខុសច្បាប់ផងដែរ។ ក្នុងករណីនេះ អាជ្ញាធរពាក់ព័ន្ធដែលទទួលខុសត្រូវលើការងារនេះមេត្ដាពង្រឹង កែលម្អនីតិវិធីច្បាប់ ហើយជាពិសេសគោរពទៅតាមអ្វីដែលកំណត់ជាធរមាន។, ៣៖ ការកសាងទំនាក់ទំនងល្អ និងជិតស្និតជាមួយក្រសួង ស្ថាប័នជាតិ ជាពិសេសស្ថាប័នថ្នាក់ក្រោមជាតិ ដែលមានសមត្ថកិច្ចគ្រប់គ្រងកន្លែងឃុំនានា ក្នុងគោលបំណងទប់ស្កាត់ការប្រព្រឹត្តអំពើខុសឆ្គងទាំងឡាយដែលមានភាពឃោរឃៅ និងអមនុស្សធម៌។, ៤៖ បន្ដទំនាក់ទំនង និងសហការល្អជាមួយអង្គភាពពាក់ព័ន្ធនានា អង្គការសហប្រជាជាតិ សមាគម អង្គការមិនមែនរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។, ៥៖ ត្រៀមលក្ខណៈសម្បត្តិដើម្បីអង្កេតស្រាវជ្រាវករណីសង្ស័យថា មានទារុណកម្ម។,៦៖ បន្ដផ្ដល់អនុសាសន៍ដល់អាជ្ញាធរពាក់ព័ន្ធ និងត្រួតពិនិត្យតាមផែនការសង្កេត ស្រាវជ្រាវករណីសង្ស័យថាមានទារុណកម្ម អនុវត្ដមានសមត្ថកិច្ចក្នុងការប្រព្រឹត្តទៅដែនដី ឬអាចដកហូតពីសិទ្ធិសេរីភាពរបស់ខ្លួន៧៖ ត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំជូនដល់រាជរដ្ឋាភិបាល ត្រូវចងក្រងរបាយការណ៍រយៈពេល៤ឆ្នាំម្ដងផ្ញើជូនគណៈកម្មាធិការប្រឆាំងទារុណកម្ម និងអនុគណៈកម្មការបង្ការទារុណកម្មអង្គការសហប្រជាជាតិ។,៨៖ ត្រូវបន្ដធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ កាន់តែល្អប្រសើរសកម្មផុលផុសបន្ថែមទៀត ដោយបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ចលនាការចូលរួមគាំទ្រពីប្រជាពលរដ្ឋ ពិសេសអង្គការដៃគូផ្សេងៗទៀត ដើម្បីឲ្យមានភាពយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់អំពើទារុណកម្មលើជនដែលត្រូដកហូតសិទ្ធិសេរីភាព
អំពីកិច្ចការងារចម្បងៗរបស់អាជ្ញាធរមានសមត្ថកិច្ច៖១៖ មន្ដ្រីនគរបាល មន្ដ្រីកងរាជអាវុធហត្ថ មន្ដ្រីយោធា មន្ដ្រីពន្ធនាគារ មន្ដ្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ដ្រីសុខាភិបាល និងមន្ដ្រីផ្សេងៗទៀតដែលកំពុងមានភារកិច្ចគ្រប់គ្រងកន្លែងដកហូតសិទ្ធិសេរីភាព ត្រូវផ្ដល់កិច្ចសហប្រតិបត្តិការឲ្យបានទូលំទូលាយ បើកជំហរជានិច្ចមិនថាយប់ថ្ងៃ ឬថ្ងៃឈប់សម្រាក ដើម្បីសម្របសម្រួលដល់ការអនុវត្តនីតិវិធី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងតួនាទីភារកិច្ចរបស់អនុគណៈកម្មការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ។, ២៖ ត្រូវសហការបង្កលក្ខណៈងាយស្រួលគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មការប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបំពេញតួនាទីភារកិច្ច ក្នុងអាណត្តិការងារប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ឬមួយល្អប្រសើរថែមទៀត*ទី៣៖ ចំពោះការរារាំង ឬការជំទាស់នៅកន្លែងឃុំណាមួយនោះ អាចធ្វើទៅបានដោយមូលហេតុ នៃការការពារជាតិ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ គ្រោះមហន្ដរាយធម្មជាតិ ចលាចលធ្ងន់ធ្ងរនៅកន្លែងឃុំឃាំង ដែលត្រូវធ្វើការត្រួតពិនិត្យប៉ុណ្ណោះ។
ចំពោះក្រមសីលធម៌មន្ដ្រីអនុវត្តច្បាប់៖១៖ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងរក្សា លើកកម្ពស់ លើកស្ទួយសិទ្ធិមនុស្សគ្រប់រូបនៅកម្ពុជា។, ២៖ កម្លាំងដែលអាចប្រើប្រាស់បានក្នុងការចាំបាច់ មានន័យថា អនុញ្ញាតឲ្យប្រើប្រាស់កម្លាំងនៅពេលដែលកាលៈទេសៈសមស្រប ដើម្បីទប់ស្កាត់បទល្មើសប៉ុណ្ណោះ។, ៣៖ ធានាឲ្យបាននូវការបំពេញតួនាទីរបស់ខ្លួនឲ្យបានពេញលេញដើម្បីជនដែលស្ថិតក្នុងការឃុំខ្លួន ពិសេសចាត់វិធានការភ្លាមៗដើម្បីយក។, ៤៖ មិនត្រូវប្រព្រឹត្តអំពើពុករលួយជាដាច់ខាត ហើយត្រូវប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យបានខ្លាំងក្លាបន្ថែមទៀត៕