រដ្ឋមន្ដ្រី នេត្រ ភក្ត្រា ព្រមានអ្នកសារព័ត៌មានពាក់ព័ន្ធជំរិតទារលុយក្រុមហ៊ុនកាស៊ីណូ TOP DIAMAND CASINO 


រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្ដម នេត្រ ភក្ដ្រា បានព្រមានដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ដែលមានការពាក់ព័ន្ធ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឲ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ដ្រីបានបន្តថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន TOP DIAMAND CASINO បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។ ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។

ទន្ទឹមនោះ ក្រសួងព័ត៌មានបានព្រមានជាសាធារណៈថា៖

១៖ អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែង ឲ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូលខ្លួនមករាយការណ៍ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ១ ខែ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរូសមិនព្រមចូលខ្លួនរាយការណ៍អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានចំពោះការប្រព្រឹត្តរបស់ខ្លួន។

២៖ ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួន ជាប់ពាក់ព័ន្ធទៅនឹងករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឲ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះរបស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធ ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុបអាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣៖ ចំពោះម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធ នៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវ
ធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងករណីក្រុមហ៊ុនមិនសហការ អនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មានរក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឲ្យចុះខ្សោយក្រមសីលធម៌ ​វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយ ដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕

គួរជម្រាបជូនថា បនល្បែង​កាស៊ីណូ ថប​ដាយមិន (Top Diamond Casino)ក្នុង​ខេត្តតាកែវ បានចេញសេចក្ដី​ជូនដំណឹង​ដោយបានចោទ​ថា​ មាន​អ្នក​សារព័ត៌មាន​ចន្លោះពី៧០០-៩០០​អង្គភាពបាន​ទៅ​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​បនល្បែង​របស់​ខ្លួន​ជា​ប្រចាំ​ខែ ប៉ុន្តែ​ចាប់ពី​ពេលនេះ​តទៅ បនល្បែង​អស់​លទ្ធភាព​នឹង​ឧបត្ថម្ភ​បន្ត​ទៀត​ហើយ។

អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថប​ដាយមិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំដិន ស្រុក​គិរីវង់ ខេត្ត​តាកែវ បាន​ចេញ​សេចក្តី​ជូនដំណឹង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ២០២៣ថា មួយ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អ្នក​សារព័ត៌មាន​បាន​ចូល​ទៅ​សុំ​ប្រាក់​ឧបត្ថម្ភ​ច្រើន​ហួសហេតុ​ពី​បនល្បែង​របស់​ខ្លួន ដែល​ក្នុង​មួយ​ខែៗ​ចន្លោះ​ចាប់ពី ៧០០​អង្គភាព​ទៅ​ដល់ ៩០០​អង្គភាព ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ​មិន​មាន​លទ្ធភាព​បន្ត​ផ្តល់​ជូន​ពួកគេ​ទៀត​បាន​ទេ។
ដោយសារតែ​បនល្បែង​គ្មាន​លទ្ធភាព​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អង្គភាព​សារព័ត៌មាន​ទាំងនោះ​បន្ត​ទៀត ដូច្នេះ​ចាប់ពី​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ត​ទៅ ក្រុមហ៊ុន​ប្រកាស​ថា​នឹង​មិន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​នោះ​ទៀត​ឡើយ។

អ្នក​គ្រប់គ្រង​បនល្បែង​កាស៊ីណូ ថប​ដាយមិន បញ្ជាក់​ថា កន្លងមក ក្រុមហ៊ុន​ល្បែង​ស៊ីសង​របស់​ខ្លួន​ធ្លាប់​បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​លក្ខណៈ​មនោសញ្ចេតនា​សម្រាប់​បាយ ទឹក និង​ថ្លៃ​សាំង ជាដើម ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ទីតាំង​បនល្បែង​របស់​ខ្លួន បើ​ទោះបីជា​តិច​ក្តី ច្រើន​ក្តី ទៅ​តាម​លទ្ធភាព​របស់​ក្រុមហ៊ុន មិន​ដែល​អាក់ខាន​ម្តង​ណា​ឡើយ ប៉ុន្តែ​នៅ​ពេលនេះ ក្រុមហ៊ុន​លែង​មាន​លទ្ធភាព​ធ្វើ​បែប​នេះ​ទៀត​ហើយ៕

អត្ថបទដែលជាប់ទាក់ទង