នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង២០០លានដុល្លារ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សម្ដេចបានណែនាំឱ្យលុបគម្រោងដែលមិនចាំបាច់តាមបណ្ដាក្រសួងស្ថាប័នមួយចំនួនចោល ក្នុងនោះរាជរដ្ឋាភិបាលអាចសន្សំថវិកាបានជាង ២០០ លានដុល្លារ។ ដូច្នេះសម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័ននានា ត្រូវពិនិត្យ និងអនុវត្តលុបចោលចំពោះគម្រោងដែលមិនចាំបាច់នៅតាមសាមីក្រសួងរបស់ខ្លួន»

ការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)។

នាឳកាសនិះ សម្តេចធិបតីបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តអនុវត្តគោលនយោបាយជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នវិស័យទាំងពីរនេះ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាងវិស័យផ្សេងៗទៀត»។

ជាមួយនោះ សម្តេចធិបតីបានណែនាំដល់ក្រសួងអប់រំ និងសាលារៀនចំពោះការផ្ដល់ពិន្ទុដល់សិស្ស កុំគិតតែលើលទ្ធផលលើក្រដាស ប៉ុន្ដែក៏ត្រូវពិនិត្យមើលលើសកម្មភាព និងឥរិយាបថជាក់ស្ដែងរបស់សិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់តាមបណ្ដាសាលារៀន ក្រៅពីការបង្រៀនសិស្សតាមមុខវិជ្ជាគោលដែលមានស្រាប់ សាលារៀនក៏ត្រូវបង្រៀនសិស្សបន្ថែមទៀត លើការស្ម័គ្រចិត្តចូលរួមធ្វើកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ដើម្បីឱ្យយុវជនចេះចូលរួមធ្វើកិច្ចការងារក្នុងសង្គមជាតិ។

ទន្ទឹមនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យពិនិត្យការលក់ដូរអាហារនៅតាមសាលារៀនទាំង អស់ទាំងវិស័យឯកជន និងរដ្ឋ ខណៈអាហារខ្លះអាចមានផលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។ សម្ដេចធិបតី អំពាវនាវដល់អ្នកលក់ដូរនៅតាមសាលារៀនឱ្យគិតគូរពីបញ្ហាសុខភាពរបស់សិស្ស៕

អត្ថបទដែលជាប់ទាក់ទង