ស្នងការខេត្តបន្ទាយមានជ័យអំពាវនាវដល់ប្រជាពលរដ្ឋឲ្យនាំគ្នាចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដោយអប់រំកូនចៅ កុំឲ្យបង្កជាក្រុមក្មេងទំនើង និងនៅឲ្យឆ្ងាយពីគ្រឿងញៀន
ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងភរិយា ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:សេនាតូចការពារព្រំដែនទាំង៤ និងសហការី កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើពិធីបុណ្យកាន់បិណ្ឌ វេនទី៦ នៅវត្តសុភមង្គល នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីខាងលើនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាចូលរួមឲ្យសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដោយអប់រំកូនចៅ កុំឲ្យបង្កជាក្រុមក្មេងទំនើង ប្រព្រឹត្តសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់សន្តិសុខសង្គម និងនៅឲ្យឆ្ងាយពីគ្រឿងញៀន។
លោកស្នងការបន្តថា មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នចំពោះកូនចៅកុំឲ្យលេងទឹក ក្រែងជួបហានីភ័យដូចជា លង់ទឹក ព្រោះរដូវនេះជារដូវវស្សាមានទឹកជំនន់ជន់មក និងមានការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសទាំងឡាយ។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានជូនពរដល់ លោក លោកស្រី មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ដែលបានចូលរួមបុណ្យ សូមអនុមោទនាយកមគ្គផលបុណ្យដែលបានធ្វើក្នុងថ្ងៃនេះ តាមកម្លាំង សទ្ធារៀងៗខ្លួន ពិសេសសមប្រកបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មាន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំងឡាយ ដែលបានចែកឋានទៅកាន់បរិលោក តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
គួរជម្រាបជូនផងដែរថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាននាំនូវយកទេយ្យទាន សម្ភារៈប្រើប្រាស់ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា មានបច្ច័យចំនួន ១២,៨៣០,០០០ រៀល,អង្ករ ៣០០គីឡូក្រាម, ទឹកសុទ្ធ៣០កេស,ទឹកក្រូច២០កេស, មី២៣កេសតូច, សារុង២០០និងថវិកា១ម៉ឺនរៀលសម្រាប់ចែកជូនលោកតា លោកយាយ ចំណុះជើងវត្ត ,ប្រគេនបច្ច័យបួន សម្រាប់ព្រះសង្ឃ ៥៤អង្គ ក្នុង១អង្គ៦ម៉ឺនរៀល ,លោកគ្រូសូត្រស្តាំ១អង្គ ១១០.០០០រៀល និងចៅអធិការវត្ត១៨០.០០០រៀល និងបច្ច័យសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តសរុប ៩,០០០,០០០រៀល៕