«ស្វាស៊ីបាយ លាបមាត់ពពែ» បើកឡានដឹកដី ដឹកមាន់កម្ទេចផ្លូវសាធារណៈហើយ មកបង្ខូចឈ្មោះអាជ្ញាធរស្រុកអង្គស្នួលទៀត
បន្ទាប់ពីឯកឧត្តម ខៀវ កាញារឹទ្ឋ សមាជិករដ្ឋសភានៃអាណត្តិទី៧បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកភ្ជាប់ជាមួយរូបភាពនិងវិដេអូបង្ហាញពីស្ថានភាពផ្លូវខូចខាតមួយកន្លែងនៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងបានស្នើសុំឲ្យអាជ្ញាធរជួយសម្រួលធ្វើផ្លូវចាក់ក្រាលថ្មជូនប្រជាពលរដ្ឋស្រួលធ្វើដំណើរមុនបុណ្យភ្ជុំនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «សុខនី មហាគ្រួសាររីករាយ ធំធំ» ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់អាជីវកម្មមានរថយន្តចំនួន៤គ្រឿង ក្នុងនោះមានរថយន្តប្រភេទដឹកដីចំនួន២គ្រឿង និងរថយន្តដឹកមាន់ចំនួន២គ្រឿងដែលតែងតែបើកបរឆ្លងកាត់ផ្លូវមួយកន្លែងខាងលើបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីនៅភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រួចបានថតទាំងរូបភាព និងវីដេអូបង្ហាញពីផ្លូវខូចផ្ញើជូនឯកឧត្តម ខៀវ កាញារឹទ្ឋ សមាជិករដ្ឋសភានៃអាណត្តិទី៧ឲ្យជួយបង្ហោះលើហ្វេសប៊ុកបង្កឲ្យមានការភ្ញាក់ផ្អើលនិងមានការភាន់ច្រឡំ ដែលតាមការពិត ដូចពាក្យចាស់លោកពោលថា «ស៊ីបាយ លាបមាត់ពពែ» មានន័យខ្លួនឯងជាអ្នកធ្វើឲ្យផ្លូវខាងលើរងការខូចខាតខ្ទេចខ្ទីសោះ។
បើតាមប្រភពមួយទៀតបានឲ្យដឹងថា ផ្លូវចូលតែឡានគាត់ សម្រាប់ដឹកមាន់ សម្រាប់ឡានបែនគាត់ មានផ្ទះតែ៣ ហើយដើរបំផុស ដើរផុស ដើរស៊ែរអី មើលតែមូលដ្ឋានគេមិនដឹង ហើយខ្លួនឯងយកលុយវេចហោប៉ៅធ្វើអ្នកមាន។
ប្រភពព័ត៌មានផ្សេងទៀតបានឲ្យដឹងទៀតថា ផ្លូវខាងលើនោះមានប្រវែង២០០ម៉ែត្រ ហើយរងការខូចខាតប្រវែង១០០ម៉ែត្រត្រឹមផ្ទះម្ចាស់រថយន្តខាងលើតែម្ដង ហើយផ្លូវខាងលើនោះ អាជ្ញាធរទើបជួសជុលរួចមុនបោះឆ្នោតទេ៕