Breaking News: ឯកឧត្តម វ៉ី សំណាង ប្រគល់ម៉ូតូមួយគ្រឿងដល់កីឡាករ ព្រំ សំណាង
កំពង់ស្ពឺ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣នេះ បានប្រគល់ម៉ូតូមួយគ្រឿងដល់កីឡាករ ព្រំ សំណាង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះឯកឧត្ដមសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព SEA GAME នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។
ឯកឧត្តម វ៉ី សំណាង សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាង សូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។
គួរជម្រាបថា កីឡាករ ព្រំ សំណាង គឺជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូបរបស់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បីសាយភាយក្នុងតំបន់អាស៊ី។ មិនតែប៉ុណ្ណោះ លោកបានយកឈ្នះខ្សែក្រវ៉ាត់ក្នុងព្រឹត្តិការណ៍ Thai Fight ក្នុងប្រទេសថៃដោយផ្តួលគូប្រកួតសន្លប់ត្រឹមទឹកទីមួយ ល្បីពេញស្រុកថៃ។
កីឡាករគុនខ្មែរវ័យ៣០ឆ្នាំ ព្រំ សំណាង មានកម្ពស់ ១,៨៣ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម ធ្លាប់ប្រកួតចំនួន ១១៨ដង ឈ្នះចំនួន១១៣ដង ចាញ់ចំនួន០២ដងគត់ និងស្ទើរចំនួន០៣ដង។ លើសពីនេះ លោក ព្រំ សំណាង បានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដោយ៨ប្រកួតចុងក្រោយ រូបលោកមិនដែលស្គាល់ពាក្យថាចាញ់ ខណៈបានផ្តួលដៃគូឱ្យសន្លប់រហូតដល់ទៅ៧ដងឯណោះ។លោកក៏ត្រូវបានគេស្គាល់ថាជាអ្នកប្រដាល់ចិត្តធំ មិនចេះខ្លាច មិនចេះញញើត ព្រមទាំងចូលវាយមិនចេះបន្ធូរដៃឱ្យដៃគូនោះឡើយ និងដើម្បីឱ្យកីឡាករ ព្រំ សំណាង បញ្ចេញសមត្ថភាព និងត្រៀមសម្រាប់ស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ និងក្នុងនាមជាអត្តពលិកតំណាងឱ្យកម្ពុជាម្នាក់ផងដែរ។ កីឡាករជើងខ្លាំងទម្ងន់ធ្ងន់រូបនេះ បានលើកឡើងថា «ខ្លួនពិតជារំភើប សម្រាប់ការចុចឈ្មោះឲ្យចូលជម្រើសជាតិ ដើម្បីត្រៀមវាយនៅស៊ីហ្គេម ក្នុងទម្ងន់៨១គីឡូក្រាម ហើយរូបលោកបានចាត់ទុកថានេះក៏ជាឱកាសដ៏មានតម្លៃដើម្បីកសាងស្នាដៃជូនជាតិផងដែរ»៕ដោយ៖ ការីនិពន្ធ