ក្រោយកូនថតរូបនិងវិដេអូបង្ហោះលើហ្វេសប៊ុកដោយចោទប្រកាន់ទៅលើអាជ្ញាធរអង្គស្នួលថា មិនមើលផ្លូវ ពេលនេះឪពុកឈ្មោះ ហែល នៅ ចេញមុខទទួលស្គាល់កំហុសជំនួសកូនហើយ

បន្ទាប់ពីបុរសម្នាក់ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «សុខនី មហាគ្រួសាររីករាយ ធំធំ» ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់អាជីវកម្មដឹកដី ដឹកមាន់ មានរថយន្តចំនួន៤គ្រឿងដែលតែងតែបើកបរឆ្លងកាត់ផ្លូវនៅចំណុចភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលបណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទី រួចបានថតទាំងរូបភាព និងវីដេអូបង្ហាញពីផ្លូវខូចផ្ញើជូនឯកឧត្តម ខៀវ កាញារឹទ្ឋ សមាជិករដ្ឋសភានៃអាណត្តិទី៧ឲ្យជួយបង្ហោះលើហ្វេសប៊ុកបង្កឲ្យមានការភ្ញាក់ផ្អើលបណ្ដាលឲ្យមានការភាន់ច្រឡំ និងបានចោទប្រកាន់មកលើអាជ្ញាធរថា មិនមើលផ្លូវ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ លោក ហ៊ែល នៅ ជាឪពុករបស់អ្នកបង្ហោះសារខាងលើ បានមកសាលាស្រុកអង្គស្នួលដើម្បីសុំទោស និងបានសន្យាណែនាំកូនឱ្យលុបសារមតិយោបល់ ដែលបានបង្ហោះនោះ យ៉ាងយូត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ និងសន្យាចូលរួមថែរក្សាផ្លូវខាលើជាមួយរដ្ឋបាលឃុំ និងសន្យាចូលរួមជាបដិភាគធ្វើផ្លូវខាងលើនេះតាមលទ្ធភាពផងដែរ។

បើតាមលោក ចិន វណ្ណថា មេភូមិត្នោតម្ដើម ឃុំបែកចានបានឲ្យដឹងបណ្ដាញសារព័ត៌មាននThe Mirror News ដឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះថា ផ្លូវនេះរងការខូចខាតដោយសាររថយន្តរបស់ក្រុមគ្រួសារលោក ហ៊ែល នៅ ដែលមានរថយន្តចំនួន៤គ្រឿង រថយន្តបែនចំនួន២គ្រឿង និងរថយន្តដឹកមាន់ចំនួន២គ្រឿង ហើយបើកបរឆ្លងកាត់ចេញចូលតាមផ្លូវខាងលើនេះរៀងរាល់ថ្ងៃ។

លោកមេភូមិត្នោតម្ដើមបានបន្តថា ផ្លូវនេះគឺមានរថយន្តណាច្រើនបើកបរឆ្លងកាត់ដូចការបង្ហោះចោទប្រកាន់របស់ឈ្មោះ នៅ តូនី នោះទេ ព្រោះផ្លូវនេះជាផ្លូវទាល់ ហើយអាជ្ញាធរបានមើលថែ និងធ្វើរហូត តែដោយសារការធ្វើអាជីវកម្មដឹកទា ដឹកដីរបស់កូនៗរបស់ លោក ហែល នៅ ទើបរងការខូចខាតបែកភក់យ៉ាងដូច្នេះ ហើយទំហំនៃការខូចខាតនេះ មានប្រវែងប្រមាណជា៧០ម៉ែត្រតែប៉ុណ្ណោះ និយាយទៅគឺខូចត្រឹមផ្ទះម្ចាស់រថយន្តដឹកដី ដឹកទាខាងលើតែម្ដង។

បើតាមលោកមេឃុំបែកចានបានឲ្យដឹងថា ផ្លូវខាងលើនេះ ចូលតែឡានរបស់ក្រុមគ្រួសារគាត់ទេ គឺគាត់មានអាជីវកម្មដឹកមាន់ ដឹកដី ហើយមានផ្ទះតែ៣ប៉ុណ្ណោះ។

បើតាមលោក សាន វ៉ាន់ធុល អភិបាលរងស្រុកអង្គស្នួលបានឲ្យដឹងថា ផ្លូវនេះ ជាផ្លូវរទេះ ផ្លូវដី កាលណាមានរថយន្តបើកចេញចូលក្នុងរដូវវស្សាគឺនាំឲ្យបែកភក់អញ្ចឹងហើយ។ លោកបន្តថា លោកបានទទួលការឯកភាពពីលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ណែនាំឲ្យលោកមេភូមិត្នោតម្ដើមដាក់ប៉ារ៉ាស់ដើម្បីការពារកុំឲ្យផ្លូវខាងលើនេះកាន់តែខូចខាតធ្ងន់ធ្ងរជាងនេះ និងឆាប់ស្ងួតងាយស្រួលក្នុងការជួសជុលឡើងវិញ។

លោកអភិបាលរងស្រុកអង្គស្នួលបានគូសបញ្ជាក់ថា ម្យ៉ាងវិញទៀត បើក្នុងករណីមានរថយន្តចង់ចេញចូលតាមផ្លូវនេះគឺត្រូវសុំការអនុញ្ញាតពីលោកមេភូមិត្នោតម្ដើម ហើយលោកមេភូមិត្រូវធ្វើរបាយការណ៍រាយការណ៍មកលោកថាតើមានរថយន្តខាងណាខ្លះ បើកបរឆ្លងកាត់ផ្លូវនេះ ក្រៅពីក្រុមគ្រួសាររបស់លោក ហែល នៅ។

ទាក់ទិនបញ្ហាផ្លូវខាងលើនេះ លោក សាន វ៉ាន់ធុល បានណែនាំឲ្យអាជ្ញាធរឃុំបែកចានរកគ្រឿងចក្រមកធ្វើការជួសជុលឲ្យបានស្អាតល្អឡើងវិញឲ្យបានឆាប់រហ័សផងដែរ។

គួរជម្រាបជូនផងដែរថា លោក សាន វ៉ាន់ធុល អភិបាលរងស្រុកតំណាងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលបានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះពិនិត្យករណីសំណូមពររបស់ប្រជាពលរដ្ឋដែលបានបង្ហោះសារបញ្ចេញមតិស្នើសុំចាក់ក្រាលថ្មធ្វើផ្លូវ ស្ថិតនៅចំណុចភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលដោយមានការចូលរួមពីលោក គឹម សំអាត អធិការរងស្រុក, លោក ម៉េង ថុនា អនុប្រធានការិយាល័យនីតិកម្ម ស្រុក, លោក ឈែម ប៊ុនធឿន ជំទប់ទី១ ឃុំបែកចាន, លោក សេក ណារិទ្ធ ស្មៀន ឃុំបែកចាន, លោក ចិន វណ្ណថា មេភូមិត្នោតម្តើម និងប្រជាពលរដ្ឋភូមិត្នោតម្តើមចំនួន២នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង